ឈ្មួញ ផាំង គីម លើកទឹកចិត្តឲ្យមានការចិញ្ចឹមត្រីឆ្តោខុសច្បាប់ ហើយលោក ឃ្លាំង វណ្ណធុល មិនហ៊ានបំបែកឆ្នាំងបាយជំនាញជលផល

ខេត្តកណ្តាល ៖ រាប់ទសវត្សរ៍មកហើយ ដែលទឹកដីខេត្តកណ្តាល បានក្លាយជាទីតាំងសម្រាប់ចិញ្ចឹមត្រីឆ្តោ ខុសច្បាប់យ៉ាងសុខស្រួល របស់ក្រុមឈ្មួញទាំងតូចទាំងធំ ហើយភាពអនាធិបតេយ្យនេះ កើតឡើងដោយសារតែមេឈ្មួញ ដ៏មានឥទ្ធិពលម្នាក់ឈ្មោះ ផាំង គីម មានស្បែកជាយោធាអង្គរក្សផង និងជាឈ្មួញប្រមូលទិញត្រីឆ្តោ ដែលត្រូវបានចិញ្ចឹមដោយខុសច្បាប់ នៅទូទាំងខេត្តកណ្តាល យកទៅលក់ចែកចាយ នៅយឿច្បារអំពៅ ហាក់ដូចជាលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋនិងឈ្មួញដទៃទៀត បន្តចិញ្ចឹមត្រីឆ្តោខុសច្បាប់ កាន់តែអនាធិបតេយ្យខ្លាំងឡើង។ ហើយក្នុងឆ្នាំ២០១៤នេះ លោក ឃ្លាំង វណ្ណធុល ដែលជានាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានអួតអាងក្រអឺតក្រទមថា ការចិញ្ចឹមត្រីឆ្តោខុសច្បាប់នេះ គឺជារឿងគួរឲ្យឈឺក្បាលបំផុត គាត់ចង់បង្កើតឲ្យមានគណៈកម្មការចម្រុះ ថ្នាក់ជាតិមួយ យកថ្មស្អុយទៅដាក់តាមស្រះចិញ្ចឹមត្រីឆ្តោខុសច្បាប់ទាំងនោះ ដើម្បីឲ្យវាចប់រឿង។
នេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ ដែលមន្ត្រីជំនាញជលផល តាំងពីថ្នាក់ខណ្ឌ ថ្នាក់ផ្នែក រហូតដល់ថ្នាក់សង្កាត់ នៅទូទាំងខេត្តកណ្តាល នាំគ្នាសុខស្រួលប្រមូលលុយ ពីស្រះចិញ្ចឹមត្រីឆ្តោខុសច្បាប់ មិនដែលអើពើបង្ក្រាបម្តងណាឡើយ ហើយពេលនេះការចិញ្ចឹមត្រីឆ្តោ កំពុងរៀបចំសាជាថ្មីឡើងវិញ បន្ទាប់ពីចាប់ត្រីឆ្តោមុនៗ យកទៅលក់តាមទីផ្សារ ប្រមូលបានផលចំណេញ ដើម្បីយកមកបន្តចិញ្ចឹម ក្នុងរដូវថ្មីនេះទៀត។ មានការកត់សម្គាល់ថា យ៉ាងហោចណាស់ស្រុកចំនួន ៧ នៅក្នុងខេត្តកណ្តាល រួមមានស្រុកស្អាង កោះធំ លើកដែក មុខកំពូល ល្វាឯម ខ្សាច់កណ្តាល និងស្រុកពញាឮ មានការចិញ្ចឹមត្រីឆ្តោតាមស្រះ តាមបែ សឹងរាប់ពាន់កន្លែង គេមិនដែលឃើញជំនាញជលផល របស់លោក ឃ្លាំង វណ្ណធុល ឬលោក ផៃ ប៊ុនឈឿន ជាអភិបាលខេត្តកណ្តាល យកចិត្តទុកដាក់បង្ក្រាប បទល្មើសម្តងណាឡើយ គឺគេសង្កេតឃើញមន្ត្រីជលផល ស្កាត់រកជួបមេឈ្មួញ រកស៊ីចិញ្ចឹមត្រីឆ្តោខុសច្បាប់ ដើម្បីបានលុយច្រកហោប៉ៅស្ងាត់ៗ។
ប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់រកស៊ីចិញ្ចឹមត្រីឆ្តោខុសច្បាប់ ហើយបង់លុយឲ្យជំនាញជលផលនោះ គឺស្រះតូចៗក្នុងមួយរដូវ ត្រូវបង់ឲ្យជំនាញជលផលចាប់ពី ២០០ដុល្លារ ដល់ ៥០០ដុល្លារ ហើយសម្រាប់ស្រះធំៗ របស់ក្រុមឈ្មួញដែលមានត្រីឆ្តោ ចាប់ពី ១០ម៉ឺន ដល់២០ ម៉ឺនក្បាល ក៏មានការតម្រូវឲ្យបង់លុយចាប់ពី ២ពាន់ដុល្លារឡើងទៅ ជាថ្នូរនៃការធ្វើមិនដឹងមិនឮចំពោះ ការចិញ្ចឹមត្រីឆ្តោខុសច្បាប់ទាំងនោះ។ មន្ត្រីជំនាញជលផល ថ្នាក់សង្កាត់ ថ្នាក់ផ្នែក ថ្នាក់ខណ្ឌ និងក្រុមអធិការកិច្ចស្អីគេនោះ គឺរាប់ទៅមានចំនួន ៤អង្គភាព ដែលប្រជាពលរដ្ឋរកស៊ីចិញ្ចឹមត្រីឆ្តោ ត្រូវរៀបចំកញ្ចប់ថវិកាបង់ជូនពួកគេ ទើបគ្មាននរណាប៉ះពាល់ សកម្មភាពរកស៊ីចិញ្ចឹមត្រីឆ្តោខុសច្បាប់ ហើយវាជាទម្លាប់សម្រាប់ជំនាញជលផល ដែលតែងតែយកបញ្ហានេះ ទៅស្វែងរកផលប្រយោជន៍ច្រកហោប៉ៅ អាចចាត់ទុកថា ការចិញ្ចឹមត្រីឆ្តោខុសច្បាប់គឺជាឆ្នាំងបាយដ៏សំខាន់ ទុកសម្រាប់ផ្គត់ផ្គង់ជីវភាព របស់ជំនាញជលផល។
រឿងដែលក្រុមឈ្មួញ សុខស្រួលក្នុងការរកស៊ី ចិញ្ចឹមត្រីឆ្តោខុសច្បាប់ នៅតាមស្រះ តាមបែ នៅក្នុងស្រុកទាំង ៧ នៃខេត្តកណ្តាល ក៏ដោយសារតែពួកគេងាយស្រួល ក្នុងការប្រមូលទិញកូនត្រីតូចៗ ដឹកជញ្ជូនមកពីគ្រប់ទីកន្លែង បានមកពីការដាក់ដាយ ដាក់អួនស្បៃមុង ដោយខុសច្បាប់ យកទៅធ្វើជាចំណីផ្គត់ផ្គង់ចិញ្ចឹមត្រីឆ្តោ ក្នុងមួយថ្ងៃៗរាប់តោន។ ណាមួយទឹកដីខេត្តកណ្តាលនេះ មន្ត្រីជំនាញជលផលគ្រប់ជាន់ថ្នាក់ មានគំនិតស្រេកឃ្លានតែអំពើពុករលួយ ឲ្យតែមានលុយបង់ជូនពួក គេអាចបន្តចិញ្ចឹមត្រីឆ្តោ តាមស្រះនិងតាមបែ ដោយរលូនល្អតាំងពីពេលដាក់ចិញ្ចឹម រហូតដល់ពេលប្រមូលផល គ្មាននរណាទៅកោសរូសអីទេ ហើយពេលរៀបចំដាក់ចិញ្ចឹមសាជាថ្មី ត្រូវជូនដំណឹងនិងបង់លុយ ជូនជំនាញជលផល គឺចប់រឿងទៅហើយ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងភាពអនាធិបតេយ្យ នៃការចិញ្ចឹមត្រីឆ្តោ រាប់ពាន់កន្លែង តាមបែនិងតាមស្រះ នៅទូទាំងខេត្តកណ្តាលនេះ ក្រុមមន្ត្រីថ្នាក់ស្រុក ជាពិសេសលោក ឃ្លាំង វណ្ណធុល បានអួតអាងថា វាជារឿងឈឺក្បាលវិលមុខ ពិបាកបង្ក្រាប ដោយទទូចចង់ឲ្យ មានគណៈកម្មការចម្រុះថ្នាក់ជាតិមួយ ចុះទៅត្រួតពិនិត្យឬយកថ្មស្អុយ ទៅដាក់តាមស្រះចិញ្ចឹមត្រីទាំងនោះ ឲ្យវាចប់រឿង ប៉ុន្តែគេគ្មានជំនឿថា មន្ត្រីជំនាញជលផល ហ៊ានវាយបំបែកឆ្នាំងបាយ របស់ខ្លួននោះទេ ព្រោះវាជាប្រភពចំណូល មិនចេះរីងស្ងួតដែលមន្ត្រីជំនាញជលផល គ្រប់ជាន់ថ្នាក់សុខស្រួលក្នុងការប្រមូលលុយ ទៅស៊ីចាយនិងអភិវឌ្ឍន៍មុខតំណែង រាប់ទសវត្សរ៍មកហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ប្រជាពលរដ្ឋបានបន្ទោស ទៅលើមេឈ្មួញដ៏មានឥទ្ធិពលម្នាក់ឈ្មោះ ផាំង គីម ដែលជាអ្នកប្រមូលទិញត្រីឆ្តោ តាមស្រះ តាមបែ ដែលចិញ្ចឹមដោយខុសច្បាប់ យកទៅលក់ចែកចាយ នៅយឿច្បារអំពៅ ព្រោះគេយល់ថា បើគ្មានអ្នកប្រមូលទិញទេ ក៏គ្មានអ្នកចិញ្ចឹមដែរ ហើយក៏គ្មានរឿងខុសច្បាប់ កើតឡើងនោះទេ។ ជារឿងងាយបំផុតប្រសិនបើលោក ផៃ ប៊ុនឈឿន ក៏ដូចជាលោក ឃ្លាំង វណ្ណធុល មានឆន្ទៈទប់ស្កាត់កុំឲ្យមានការចិញ្ចឹមត្រីឆ្តោខុសច្បាប់ នៅលើទឹកដីខេត្តកណ្តាល តទៅទៀត ដោយគ្រាន់តែបញ្ឈប់កុំឲ្យមេឈ្មួញ ផាំង គីម ដើរប្រមូលទិញត្រីឆ្តោ ពីតាមស្រះតាមបែ គឺគ្មាននរណាចិញ្ចឹមទេ ព្រោះគ្មានទីផ្សារសម្រាប់លក់ដូរ។ ដូច្នេះគេមើលឃើញយ៉ាងច្បាស់ថា អ្នកដែលលើកទឹកចិត្ត ឲ្យមានការចិញ្ចឹម ត្រីឆ្តោខុសច្បាប់ គឺមេឈ្មួញ ផាំង គីម តែម្តង៕
Source from: watphnom-news.com