ក្រុមឈ្មួញរកស៊ីបូមខ្សាច់យ៉ាងអនាធិបតេយ្យ នាំឲ្យបាក់ស្រុតច្រាំងរអិលផ្ទះប្រជាពលរដ្ឋ ចូលបាតទន្លេជាច្រើនខ្នង អាជ្ញាធរធ្វើមិនដឹងមិនឮ

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋបានសំដែង ភាពក្តៅក្រហាយយ៉ាងខ្លាំង ចំពោះក្រុមឈ្មួញមានលុយមានអំណាច ដោយមានការឃុបឃិត បើកដៃពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញ កំពុងធ្វើសកម្មភាពបូមខ្សាច់ យ៉ាងអនាធិបតេយ្យ ទាំងយប់ទាំងថ្ងៃ នៅចំណុចភូមិព្រែកយាយហិនទី១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នាំឲ្យច្រាំងទន្លេបាក់ស្រុត នាំយកដីចំការផលដំណាំ និងផ្ទះសម្បែងរបស់ពួកគាត់ ជាច្រើនខ្នងរអិលចូលក្នុងបាតទន្លេ គេមិនដែលឃើញអាជ្ញាធរ និងមន្ត្រីជំនាញ ចុះទៅបង្ក្រាបម្តងណាឡើយ។
ជាក់ស្តែងផ្ទះប្រជាពលរដ្ឋ ឈ្មោះ ម៉ៅ ឡុង ភេទប្រុស អាយុ ៥៥ឆ្នាំ មានទំហំ ៥ ម៉ែត្រគុណ និង ១២ម៉ែត្រ ធ្វើអំពីថ្មប្រក់សង្កសី កំពុងបាក់ស្រុតចូលទៅក្នុងទន្លេ អស់មួយកំណាត់ហើយ។ ឈ្មោះ ម៉ៅ ឡុង បានប្រាប់ វត្តភ្នំ ឲ្យដឹងថា សព្វថ្ងៃនេះ គាត់ជាកម្មករសំណង់ គ្មានទីពឹងអ្វីទេនៅពេលដែល ក្រុមគ្រួសាររបស់គាត់បាត់បង់ផ្ទះ ដោយសារបាក់ស្រុតចូលទៅក្នុងទន្លេ ហើយគាត់ក៏គ្មានដី នៅកន្លែងផ្សេងទៀតដែរ។ ឈ្មោះ ម៉ៅ ឡុង បានបន្តទៀតថា នៅក្នុងភូមិនេះមានផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងដែលបានបាក់ស្រុត និងបង្ខំចិត្តរុះរើ ទៅកាន់កន្លែងសុវត្ថិភាព ដើម្បីបញ្ចៀស កុំឲ្យមានគ្រោះថ្នាក់។
ប្រជាពលរដ្ឋរងគ្រោះទាំងនោះ កំពុងតែអស់ជំនឿទៅលើ អាជ្ញាធរមូលដ្ឋាន ពីព្រោះពួកគាត់បានបាត់បង់ផ្ទះសម្បែង ដោយសារការបាក់ស្រុតច្រាំង ចូលទៅក្នុងទន្លេ ពុំដែលមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានណាម្នាក់ ចុះមកសួរសុខទុក្ខ ដល់ពួកគាត់ឡើយ ថែមទាំងទុកឲ្យក្រុមឈ្មួញរកស៊ីបូមខ្សាច់ យ៉ាងអនាធិបតេយ្យ ហើយគេដឹងថា មានអាជ្ញាធរខេត្ត នៅពីក្រោយខ្នងក្រុមឈ្មួញនោះផងដែរ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ។ គេមិនច្បាស់ទេថា តើលោកអាជ្ញាធរខេត្ត ទទួលបានលាភសក្ការៈប៉ុន្មាន ពីក្រុមឈ្មួញ បានជាធ្វើមិនដឹងមិនឮពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ។ ប្រជាពលរដ្ឋសូមសំណូមពរ ដល់លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល មេត្តាពិនិត្យមើល ផលប៉ះពាល់និងទុក្ខលំបាក របស់ប្រជាពលរដ្ឋ ហើយចាត់កម្លាំងពិសេសចុះទៅ ពិនិត្យមើលបញ្ហាបាក់ស្រុតច្រាំងទន្លេ ខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ក្នុងភូមិព្រែកយាយហិនទី១ ផងទាន៕
Source from: watphnom-news.com