ក្រសួងព័ត៌មាន ប្រកាសពីគោលជំហរ មិនមានបំណងបិទបណ្តាញទំនាក់ទំនងសង្គម

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅទីស្តីការក្រសួងព័ត៌មាន មានរៀបចំពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅការងារ សម្រាប់ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រី ថ្នាក់ដឹកនាំក្នុងក្រសួង ព្រមទាំងអ្នកសារព័ត៌មាន ជាច្រើនរូបទៀត។
នៅក្នុងពិធីនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានឡើងថ្លែងសុន្ទរកថា សំណេះសំណាលសាកសួរសុខទុក្ខដល់មន្ត្រីរាជការ និងអ្នកសារព័ត៌មានទាំងអស់ ដោយក្តីរីករាយស្និទ្ធស្នាល ដោយឯកឧត្តម បានបញ្ជាក់ថា ឆ្នាំ ២០១៣ ដែលទើបតែបញ្ចប់ទៅនេះ កម្ពុជាសម្រេចបាននូវ សមិទ្ធផលថ្មីៗជាច្រើនទៀត លើគ្រប់វិស័យ ក្នុងដំណើរការអភិវឌ្ឍន៍របស់ខ្លួន ពិសេសលើវិស័យព័ត៌មាន និងសោតទស្សន៍។ ក្នុងនោះក្រសួងនៅតែ បន្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្មរបស់រាជរដ្ឋាភិបាល ដែលបានគូសបញ្ជាក់ថា «ពង្រឹងវិសាលភាព គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធផ្សព្វផ្សាយ របស់ជាតិគ្រប់ដណ្តប់ បានទូលំទូលាយ ទាំងក្នុងប្រទេស ក្នុងតំបន់និងទ្វីបនានា»។
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមហ៊ុនឯកជន និងអង្គការមិនមែន រដ្ឋាភិបាលនានា ដែលបាននិងកំពុង ពង្រីកគុណភាព ប្រសិទ្ធភាព និងវិសាលភាព នៃការផ្សព្វផ្សាយរបស់ខ្លួន យ៉ាងផុសផុល និងមានលក្ខណៈ ប្រកួតប្រជែងលើទីផ្សារ ក្នុងការផ្តល់សេវា ផ្តល់ព័ត៌មាន ការអប់រំ និងការកម្សាន្តជូន ប្រជាពលរដ្ឋគ្រប់ទិសទី។ ប៉ុន្តែឯកឧត្តម ក៏បានបង្ហាញនូវសេចក្តីព្រួយបារម្ភ ទាក់ទងនឹងបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, Twitter, Google, What’s App… ដែលងាយស្រួលបញ្ចូលព័ត៌មាន និងរូបភាពគ្រប់ប្រភេទ ដែលជាហេតុធ្វើឲ្យ បុគ្គលអ្នកប្រើប្រាស់មួយចំនួន បានយកទៅធ្វើជាវេទិកាជេរប្រមាថ មួលបង្កាច់ ប្រើពាក្យអសុរោះ បង្ហោះរូបភាពអាសអាភាស ដែលខុសសីលធម៌ ផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ប្រជាជនកម្ពុជា។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ មានលេចឮព័ត៌មាន តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា ក្រសួងព័ត៌មាន មានបំណងចង់បិទ បណ្តាញទំនាក់ទំនងសង្គមទាំងនេះ មិនឲ្យមានការប្រើប្រាស់ក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងព័ត៌មាន នៅតែរក្សាគោលជំហរ និងសូមប្រកាសជាថ្មីម្តងទៀតថា ក្រសួងមិនមានបំណង បិទបណ្តាញសង្គមទាំងនេះឡើយ ៕ ដោយ បញ្ញា
Source from: watphnom-news.com