មជ្ឈដ្ឋានអ្នកគាំទ្រគណបក្សនយោបាយធំៗទាំងពីររៀងៗខ្លួនបានផ្តោតអារម្មណ៍ខ្លាំងទៅលើពាក្យថា”កែទម្រង់ការបោះឆ្នោតនាពេលខាងមុខ”

សេចក្តីប្រកាសរួមនៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអនុប្រធានគណបក្ស និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្ស ដែលបានធ្វើនៅវិមានរដ្ឋសភា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ បានសម្រេចេញជាលទ្ធផលសំខាន់ៗចំនួន៣ចំណុច ដែលក្នុងនោះចំណុចទី២បានចែងថា "ភាគីទាំង២ព្រមព្រៀងគ្នានឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ។" ។
ដោយឡែក សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយឯកឧត្តម សុន ឆ័យ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនៅមណ្ឌលរាជធានីភ្នំពេញ ដែលបានធ្វើនៅវិមានព្រឹទ្ធសភានាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ បានសម្រេចចេញជាលទ្ធផលសំខាន់ៗចំនួន៣ចំណុច ដែលក្នុងនោះចំណុចទី១បានចែងថា "ស្នើបង្កើតគណៈកម្មការចម្រុះមួយដោយមានសមាសភាពស្មើគ្នាមកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ សំដៅធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ " ។
ការសម្រេចប្រើពាក្យថា "បោះឆ្នោតនាពេលខាងមុខ" នៅក្នុងកិច្ចប្រជុំរវាងគណបក្សនយោបាយធំៗដែលមានអាសនៈក្នុងរដ្ឋសភានីតិកាលទី៥ទាំង២ម្តងជាពីរដងដូច្នេះ ធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្រគណបក្សនយោបាយធំៗទាំង២រៀងៗខ្លួន បានផ្តោតអារម្មណ៍ខ្លាំងទៅនឹងពាក្យនេះថា តើត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅឆ្នាំ២០១៨ខាងមុខ ឬយ៉ាងណា ? ឬត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញមុនឆ្នាំ២០១៨ខាងមុខ ? ឬត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦មុនពេលកំណត់នៅមុនឆ្នាំ២០១៨ខាងមុខ ?
នាឱកាសធ្វើមហាបាតុកម្មអស់ជាច្រើនសប្តាហ៍កន្លងមក ដោយមានការដង្ហែក្បួនតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញផង មជ្ឈដ្ឋានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានសម្តែងនូវទឹកចិត្តចង់ឃើញឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញមុនឆ្នាំ២០១៨ ដើម្បីបង្ហាញឲ្យឃើញថា គណបក្សនយោបាយឈ្នះឆ្នោតបានឈ្នះដោយសេចក្តីថ្លៃថ្នូរ និងគណបក្សនយោបាយចាញ់ឆ្នោតបានចាញ់ដោយអស់ចិត្ត បន្ទាប់ពីមានការកែទម្រង់ការបោះឆ្នោត ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួចមក ដោយសារអ្នកគាំទ្រទាំងនោះយល់ស្របតាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ ដែលយល់ឃើញថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។
ដោយឡែក មជ្ឈដ្ឋានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការមិនពេញចិត្តឡើយទៅនឹងសំណើឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញរបស់គណបក្សសង្គ្រោះជាតិ ដ្បិតពួកគេយល់ឃើញថា បើមានការបោះឆ្នោតឡើងវិញ គឺហាក់បីដូចគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោតព្រមទទួលស្គាល់ថា ការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក មានភាពមិនប្រក្រតីដូចការលើកឡើងរបស់គណបក្សសង្គ្រោះជាតិប្រាកដមែន ។ លើសពីនេះ ពួកគេក៏មានអារម្មណ៍ថា ខ្លាចក្រែងគណបក្សប្រជាជនកម្ពុជាត្រឡប់ជាចាញ់ឆ្នោតគណបក្សសង្គ្រោះជាតិវិញផងដែរ ។
ទោះយ៉ាងណា មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញ ក្នុងពេលវេលាសមស្របមុនឆ្នាំ២០១៨ និងការទទួលស្គាល់លទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ប្រកាសដោយ គ.ជ.ប នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣នោះ គឺជាការលំបាកណាស់សម្រាប់ការសម្រេចចិត្តរបស់គណបក្សនយោបាយធំៗទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ ដ្បិតខ្លាចអន់រៀងៗខ្លួន ។ ផ្ទុយទៅវិញ បើរៀបចំឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦មុនពេលកំណត់ ឬមុនពេលផុតអាណត្តិរដ្ឋសភានីតិកាលទី៥មុនឆ្នាំ២០១៨ ទំនងជាអាចទៅរួច ដោយបេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនីតិកាលទី៥ចំនួន៥៥រូប មកពីគណបក្សសង្គ្រោះជាតិអាចនឹងទៅចូលរួមប្រជុំសភាជាមួយអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប ដើម្បីអនុម័តធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងកែទម្រង់ គ.ជ.ប ពីព្រោះរដ្ឋសភាបច្ចុប្បន្នដែលជារដ្ឋសភាគណបក្សប្រជាជនកម្ពុជា ត្រូវបានគេចាត់ទុកថា ជា"រដ្ឋសភាមិនគ្រប់ទឹក"រួចទៅហើយៗក៏អាចក្លាយជាឱកាសធ្វើជាគំរូល្អសម្រាប់ការបោះឆ្នោតនៅពេលលើកក្រោយៗទៀតដែរ ក្នុងន័យលុបបំបាត់វប្បធម៌គណបក្សនយោបាយចាញ់ឆ្នោតឡាំប៉ាមិនព្រមចាញ់ រីឯគណបក្សឈ្នះឆ្នោតយកឈ្នះតាមរបៀបកម្លាំងច្បាប់ព្រៃ ។
ដូច្នេះ ពាក្យថា "កែទម្រង់ការបោះឆ្នោតនាពេលខាងមុខ" ទំនងជាចង់សំដៅទៅលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦មុនពេលផុតអាណត្តិរដ្ឋសភានីតិកាលទី៥ ច្រើនជាងសំដៅលើការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញមុនឆ្នាំ២០១៨ ៕
Source from: www.dtn7.com