តុលាការមិនទាន់ដំណើរការនីតិវិធីករណីលោក ជា មុនី ប្តឹងលោកស្នងការខេត្តកំពង់ស្ពឺក្នុងរឿងព្រហ្មទណ្ឌ

ជិតរយៈពេល១ខែហើយ សាលាដំបូងខេត្តកំពង់ស្ពឺមិនទាន់ដំណើរការនីតិវិធីលើករណីលោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តឹងលោកឧត្តមសេនីយ៍ត្រី កែវ ពិសី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ ពាក់ព័ន្ធឯទៀត ពីបទធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ជាសំណុំរឿងព្រហ្មទណ្ឌនោះនៅឡើយ ។
សូមរំលឹកជូនថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤កន្លងមក លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពាក្យបណ្តឹងមួយច្បាប់គោរពជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយប្តឹងលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធឯទៀត ពីបទធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ។
ដើមចមដែលនាំឲ្យលោកប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាសម្រេចប្តឹងលោកឧត្តមសេនីយ៍ត្រី កែវ ពិសី នាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អត្តលេខ០៣៧៦ (ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៨/៦៥៧ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០០៨) ជាស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធឯទៀតពីបទធ្វើឲ្យខូចខាតដោយចេតនា ជាសំណុំរឿងព្រហ្មទណ្ឌទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ គឺដោយសារកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចាប់យករថយន្តរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាចំនួន១គ្រឿងម៉ាកតាកូម៉ា ព្រមទាំងកូនសោរថយន្ត ដោយចាត់ទុកជាវត្ថុតាងក្នុងហេតុការណ៍កម្មករ កម្មការិនីរោងចក្រសាប្រ៊ីណា មានទីតាំងឋិតនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារល្អប្រសើរ ហើយក៏កើតមានអំពើហិង្សាប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច និងបុគ្គលិកសហជីព ព្រមទាំងកម្មករ កម្មការិនីរោងចក្រ ។
នៅពេលសំណុំរឿងបញ្ជូនទៅដល់សាលាដំបូងខេត្តកំពង់ស្ពឺ និងបន្ទាប់ពីមានការស៊ើបសួរតាមនីតិវិធីរួចមក លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចប្រគល់វត្ថុតាងចាប់យកឲ្យទៅម្ចាស់ដើមវិញ តាមដីកាសម្រេចលេខ២៨៤៤ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈដែលវត្ថុដែលចាប់យកកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣នោះ ត្រូវបានសមត្ថកិច្ចនគរបាលទើបយកមកប្រគល់ឲ្យសាលាដំបូងខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ គឺក្រោយពេលការសម្រេចរបស់លោកចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺប៉ុណ្ណោះ ។
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពាក្យស្នើសុំវត្ថុចាប់យកមកវិញ តែក្រោយពេលពិនិត្យរថយន្តដែលជាវត្ថុចាប់យករួចមកនោះ ឃើញមានការខូចខាតយ៉ាងច្រើនខុសពីស្ថានភាពដើមរបស់រថយន្ត ទើបធ្វើឲ្យលោក ជា មុនី មិនអាចយល់ព្រមទទួលយករថយន្តមកប្រើប្រាស់បានឡើយ ហើយក៏សម្រេចដាក់ពាក្យប្តឹងតែម្តង ។
ពាក្យបណ្តឹងរបស់លោក ជា មុនី បានសំណូមពរឲ្យស្ថាប័នតុលាការខេត្តកំពង់ស្ពឺ ធ្វើការផ្តន្ទាទោសទៅលើលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីយុត្តិធម៌ពាក់ព័ន្ធឯទៀតៗពីបទធ្វើឲ្យខូចខាតដោយចេតនា តាមនីតិវិធីនៃច្បាប់ និងទាមទារឲ្យមានការសងថ្លៃខូចខាតរថយន្តរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ។
មជ្ឈដ្ឋានអ្នកតាមដានវិស័យយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា តាមការកត់សម្គាល់ជាក់ស្តែង មន្ត្រីនគរបាលយុត្តិធម៌កម្ពុជាដែលចាប់យកវត្ថុតាងក្នុងហេតុការណ៍នានា តែងតែធ្វើឲ្យខូចខាត ឬបាត់បង់ ឬផ្លាស់ប្តូរស្ថានភាពដើមនៃវត្ថុដែលចាប់យកទាំងនោះ ទើបធ្វើឲ្យនគរបាលយុត្តិធម៌កម្ពុជាត្រូវបានគេដាក់រហស្សនាមឲ្យថា "ជានគរបាលអយុត្តិធម៌ ឬជានគរបាលចោរ" ៕
Source from: www.dtn7.com