អតិថិជនអគ្គិសនីខេត្តស្វាយរៀងតវ៉ានឹងការផ្តាច់ចរន្តអគ្គិសនីនិងផាកពិន័យដោយគ្មានមូលហេតុ

កាលពីវេលាម៉ោង០៨ព្រឹក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ អតិថិជនអ្នកប្រើប្រាស់ចរន្តអគ្គិសនីដែលរស់នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំនួនជាង២០០នាក់ បានផ្ទុះកំហឹងប្រតិកម្មតវ៉ាទៅនឹងការផ្តាច់ចរន្តអគ្គិសនី និងផាកពិន័យដោយគ្មានមូលហេតុពីសំណាក់មន្ត្រីអគ្គិសនី ដល់បរិវេណអគារទីស្នាក់ការអគ្គិសនីកម្ពុជាខេត្តស្វាយរៀង ឋិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងតែម្តង នៅពេលពួកគាត់នាំគ្នាមកបង់ថ្លៃសេវាប្រើប្រាស់ចរន្តអគ្គិសនី បណ្តាលឲ្យភ្ញាក់ផ្អើល និងរំជើបរំជួលដល់មន្ត្រីអគ្គិសនីទាំងព្រឹកព្រលឹម ។
ស្ត្រីម្នាក់ឈ្មោះ នី អាយុ៦៥ឆ្នាំ ជាស្ត្រីមេម៉ាយ ប្រកបរបរលក់នំបន្តិចបន្តួច រស់នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយបានបង្ហាញវិក្កយបត្របង់ថ្លៃសេវាអគ្គិសនីផង បានរៀបរាប់ថា អ្នកស្រីបានប្រើប្រាស់អគ្គិសនីអស់៣.២៥០រៀល ព្រោះអ្នកស្រីមិនហ៊ានប្រើច្រើនទេ គឺប្រើសម្រាប់បំភ្លឺនៅពេលទៀបភ្លឺដើម្បីស្ងោរនំប៉ុណ្ណោះ តែមន្ត្រីអគ្គិសនីឲ្យបង់ចំនួន៣.៣០០រៀល ហើយថែមទាំងពិន័យបន្ថែមចំនួន១ម៉ឺនរៀលទៀត ខណៈដែលអ្នកស្រីមិនបានទទួលការជូនដំណឹងជាមុនឡើយ ។
អ្នកស្រី សេង សុភី អាយុ៣៤ឆ្នាំ ប្រកបរបរលក់ដូរ មានទីលំនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បាននិយាយឲ្យដឹងថា វេលាម៉ោង០៨ព្រឹក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ បុគ្គលិកអគ្គិសនីបានទៅផ្តាច់ចរន្តអគ្គិសនីនៅផ្ទះរបស់អ្នកស្រី ។ ខណៈនោះអ្នកស្រីបានប្រាប់ឲ្យមន្ត្រីអគ្គិសនីសូមកុំទាន់ផ្តាច់ចរន្ត គួរតែនិយាយគ្នារកខុសត្រូវសិន ប៉ុន្តែមន្ត្រីអគ្គិសនីរូបនោះមិនព្រមស្តាប់ទេ ទើបអ្នកស្រីបង្ខំចិត្តមកសាកសួរ និងមកបង់ប្រាក់ដល់ទីស្នាក់ការអគ្គិសនីខេត្តស្វាយរៀង ស្រាប់តែឃើញមានប្រជាពលរដ្ឋជាច្រើនរយនាក់ឈរពាសពេញស្រែកតវ៉ាទៅនឹងអំពើរបស់មន្ត្រីអគ្គិសនីខេត្តស្វាយរៀង ដែលផ្តាច់ចរន្តអគ្គិសនី និងតម្រូវឲ្យផាកពិន័យដោយគ្មានមូលហេតុ ។
មន្ត្រីអគ្គិសនីខេត្តស្វាយរៀងមួយរូបបានបង្ហើបប្រាប់ឲ្យដឹងថា អគ្គិសនីខេត្តស្វាយរៀងកាលគ្រប់គ្រងដោយប្រធានចាស់ គឺតម្រូវឲ្យអតិថិជនបង់ថ្លៃសេវាប្រើប្រាស់ចរន្តក្នុងមួយខែម្តង គិតនៅថ្ងៃទី១៥នៃខែបន្ទាប់ ។ លុះដល់លោក ម៉ៅ ហួរ ជាប្រធានអគ្គិសនីខេត្តស្វាយរៀងទើបឡើងកាន់តំណែងថ្មី បានផ្លាស់ប្តូរពេលវេលាបង់ប្រាក់ថ្លែសេវាប្រើប្រាស់ចរន្ត ដោយតម្រូវឲ្យអតិថិជនបង់ថ្លៃនៅពាក់កណ្តាលខែម្តងវិញ ។
គេមិនទាន់ដឹងអំពីលទ្ធផលនៃដំណោះស្រាយរបស់អគ្គិសនីខេត្តស្វាយរៀងជាមួយអតិថិជនអ្នកតវ៉ានៅឡើយទេ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញ ៕
Source from: www.dtn7.com