ផឹកស្រាជាមួយគ្នាតាំងពីព្រឹកដល់ល្ងាច កើតជម្លោះយកកាំបិត កាប់មិត្តភក្តិរងរបួសធ្ងន់

ខេត្តកណ្ដាល ៖ បន្ទាប់ពីផឹកស៊ីជុំគ្នា ឡើងស្រវឹងរៀងៗខ្លួន យុវជនមួយក្រុមបានបង្កជម្លោះពាក្យសំដី ហើយក្លាយជាអំពើហិង្សា ទាញកាំបិតកាប់ប្រហារ មិត្ដភក្ដិខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ហើយភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្ដិ៍ដីឥដ្ឋ ចាប់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
ជនសង្ស័យមានឈ្មោះ កេង សំអាន ភេទប្រុស អាយុ ២៧ឆ្នាំ ជាកសិករ មានទីលំនៅ ក្នុងភូមិ ពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ ចំណែកជនរងគ្រោះ មានឈ្មោះ លី ណាន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុ ត្រូវជនដៃដល់កាប់មួយកាំបិតផ្គាក់ ត្រូវប្រអប់ដៃខាងស្ដាំ រងរបួសធ្ងន់ ហើយជនរងគ្រោះ និងជនដៃដល់ ជាមិត្ដភក្ដិនឹងគ្នា ធ្លាប់ផឹកស៊ីជាមួយគ្នា ច្រើនលើកច្រើនសារមកហើយ។
នៅថ្ងៃកើតហេតុ ជនដៃដល់និងជនរងគ្រោះ បានផឹកស្រាសជាមួយគ្នា តាំងពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ល្ងាច ស្រាប់តែកើតជាជម្លោះពាក្យសំដី រហូតទប់កំហឹងមិនបាន ជនដៃដល់ បានស្ទុះទៅយក កាំបិតផ្គាក់កាប់ប្រហារមកលើ ជនរងគ្រោះចំប្រអប់ ដៃខាងស្ដាំ ហើយជនសង្ស័យបានគេច ទៅសម្ងំនៅក្នុងផ្ទះរបស់ខ្លួន ក៏ត្រូវកម្លាំងនគរបាល ចុះទៅចាប់ដកហូតបាន វត្ថុតាងកាំបិតផ្គាក់១ ដើម្បីសាកសួរ និងកសាងសំណុំរឿង៕
Source from: watphnom-news.com