បុរសម្នាក់បន្លំខ្លួន និងពាក់ឯកសណ្ឋាន ជាប៉េអឹមផ្ទៃប្រទេស ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់បន្លំខ្លួនស្លៀកពាក់ ឯកសណ្ឋានប៉េអឹម ដើរអួតអាងថា ខ្លួនជាមន្ត្រីអាវុធហត្ថ លើផ្ទៃប្រទេស ផ្នែកស្រាវជ្រាវព័ត៌មាន ត្រូវកម្លាំងអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១០និង៣០ ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ ឡុង សារុន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅក្នុងភូមិព្រែកថី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានឋានៈអនុសេនីយ៍ឯក អត្តលេខ១៣២៥៨៦ ដោយ បានអួតអាងថា ខ្លួនជាមន្ត្រីអាវុធហត្ថ លើផ្ទៃប្រទេស ទទួលបន្ទុកផ្នែក ស្រាវជ្រាវព័ត៌មាន ហើយជាកូនចៅផ្ទាល់ របស់លោកឧត្តមសេនីយ៍ ហុង វីណុល ។ ដោយមានការសង្ស័យ សមត្ថកិច្ចប៉ូលីស បានរាយការណ៍ មកអាវុធហត្ថស្រុកស្អាង ឲ្យចុះស្រាវជ្រាវពីករណីនេះ ។
លោក អ៊ូ ផល្លី មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកស្អាង បានចាត់កម្លាំង ឲ្យចុះទៅដល់ កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនឈ្មោះ ឡុង សារុន ភ្លាមៗ ដើម្បីធ្វើការសួរនាំ និងធ្វើការត្រួតពិនិត្យ ទៅលើលិខិតស្នាម បេសកកម្ម បានឃើញមានប្រើប័ណ្ណសំគាល់ខ្លួន ជាច្រើនអង្គភាពដូចជា កងយោធពលខេមរភូមិន្ទ អង្គភាពអង្គរក្ស និងអង្គភាពបម្រើការ អោយក្រុមហ៊ុន សន្តិសុខ អ៊ីភីអេស (EPS) ។
បើតាមលោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកស្អាង បានអោយ វត្តភ្នំ ដឹងថា ឈ្មោះ ឡុង សារុន បានឆ្លើយថា ខ្លួននៅជាមួយលោក ហុង វីណុល និងលោកតា០៧ ហើយបម្រើការងារ នៅក្រុមហ៊ុនសន្តិសុខ អីភីអេស។ បើតាមចម្លើយសារភាព របស់លោកអាវុធហត្ថ ក្លែងក្លាយម្នាក់នេះ បានឲ្យដឹងថា ខ្លួនមិនមែនជា មន្ត្រីអាវុធហត្ថទេ គ្រាន់តែកម្លាំងបម្រើការងារ អោយក្រុមហ៊ុនសន្តិសុខ អ៊ីភីអេស តែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយជនសង្ស័យឈ្មោះ ឡុង សារុន ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកស្អាង កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ ដោយ ព្រះច័ន្ទ
Source from: watphnom-news.com