ឡានដឹកស្រូវចំណុះ ២៥តោន សង្ស័យតៃកុងងោកមួយភាំង ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង

ខេត្ដស្វាយរៀង ៖ រថយន្ដធុនធំ ម៉ាកហ៊ីណូ មួយគ្រឿង ដឹកស្រូវចំណុះ ២៥តោន សង្ស័យអ្នកបើកបរ ងងុយដេកងោកមួយភាំង ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង បណ្ដាលឱ្យស្ដ្រីម្នាក់ របួសបាក់ជើង និងអ្នករួមដំណើរ ៣ នាក់ ទៀតរបួសស្រាល កាលពីវេលាម៉ោង ២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិ ត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ បណ្ដោះអាសន្ន ២៦២១ បើកបរដោយឈ្មោះឡឹក យិនដា ភេទប្រុស អាយុ ១៩ឆ្នាំ ដឹកស្រូវប្រមាណជាង ២៥ តោន ក្នុងទិសដៅពីលិចទៅកើត នៅលើកំណាត់ផ្លូវជាតិលេខ១ មកដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរងងុយដេកហើយងោកមួយភាំង ក៏រេចង្កូតធ្លាក់ផ្លូវជាតិលេខ១ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យអ្នកបើកបរ រងរបួសស្រាល និងអ្នករួមដំណើរ រងរបួសបាក់ភ្លៅ និង ៣នាក់ទៀត របួសស្រាល ។
អ្នករួមដំណើររួមមាន ឈ្មោះ ផេន លឿ ភេទស្រី អាយុ ៤៤ឆ្នាំ របួសបាក់ភ្លៅស្ដាំ ឈ្មោះ ហែម ហាន ភេទប្រុស អាយុ ៥៣ឆ្នាំ របួសស្រាល ឈ្មោះ ស្រី វុទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ របួសស្រាល និងឈ្មោះ ផន ជីនិត ភេទប្រុស អាយុ ៣៧ឆ្នាំ រងរបួសស្រាល។ អ្នកទាំង ៥នាក់នេះមានទីលំនៅ ភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានជួយអន្ដរាគមន៍ និងដឹកអ្នករងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដ ភ្លាមៗផងដែរ៕
Source from: watphnom-news.com