សាំយ៉ុងបុកជាមួយឡានដឹកសាំងក្រុមហ៊ុនតេលា ស្លាប់ ៤នាក់ រងរបួសធ្ងន់ស្រាល ៨នាក់

ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មនុស្ស ៤ នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចភូមិគ្រូស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង លើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ លេខ ៧៤-៧៥ រវាងរថយន្តសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ 2A-5643 កំពង់ចាម បើកបរដោយឈ្មោះ ហេង វុទ្ធី ភេទប្រុសអាយុ ២៥ឆ្នាំ មានទីលំនៅខេត្តរតនគីរី បានបុកជាមួយរថយន្ត ម៉ាក FUSO ពណ៌បៃតង ឆ្នូតលឿងស្លាកលេខ3A-7813 ភ្នំពេញ របស់ក្រុមកម្ពុជាហ៊ុនតេលា បើកបរដោយឈ្មោះ ខឹម សារិន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សាក្សីបានឲ្យដឹងថា នៅវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី២៤ ខែកុម្ភះ រថយន្តសាំយ៉ុង បានដឹកអ្នកដំណើរ ពីភ្នំពេញឆ្ពោះទៅខេត្តរតនគីរី ដោយបើកបរក្នុងល្បឿនយ៉ាងលឿន បានបុកជាមួយរថយន្ត ដឹកសាំងរបស់ក្រុមហ៊ុនតេលា ដែលធ្វើដំណើមកពីខេត្តរតនគីរី បត់ចូលប៉ះកង់នៅចំណុចខាងលើ បណ្តាលឲ្យរថយន្តសាំយ៉ុង បើកបុកយ៉ាងពេញទំហឹងខ្ទេចខាងមុខ។ អ្នកធ្វើដំណើរក្នុងរថយន្ត សាំយ៉ុងបានស្លាប់ចំនួន ៤នាក់ភ្លាមៗ ក្នុងនោះមានស្រី ២នាក់ ប្រុស ២នាក់ រងរបួសធ្ងន់ចំនួន ៨នាក់ ចំណែក អ្នកបើកបររថយន្ត សាំយ៉ុងបាក់ជើង។ ភ្លាមៗនោះអ្នកបើករថយន្តដឹកសាំង បានរត់គេចខ្លួនបាត់ស្រមោល ហើយអ្នករងរបួសត្រូវដឹក មកព្យាបាលនៅមន្ទីរខេត្ត អ្នកស្លាប់ត្រូវបានបងប្អូន យកទៅបុណ្យនៅស្រុកកំណើត៕
Source from: watphnom-news.com