កូនប្រុសអភិបាលខេត្តកណ្តាល មានអំណាចបង្កព្យុះភ្លៀង បើកបនល្បែងជ្រកក្រោមស្លាកកាស៊ីណូ និងកោសរូសអ្នកដឹកទំនិញតាមទំនើងចិត្ត

ខេត្តកណ្តាល ៖ ចាប់តាំងពីមានការផ្លាស់ប្តូរ អភិបាលខេត្តកណ្តាល គេសង្កេតឃើញភាពអនាធិបតេយ្យ នៃការបើកបនល្បែង ស៊ីសងខុសច្បាប់ ឬល្បែងបញ្ជល់មាន់ បន្តកើតមានផ្ទុយពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ក៏ព្រោះតែកូនប្រុសរបស់ លោកអភិបាល ខេត្តកណ្តាល ម្នាក់ឈ្មោះ ឈឿន ឆន បានក្លាយជា មេបនល្បែងស៊ីសងគ្រប់ប្រភេទ ជ្រកនៅក្រោមស្លាកកាស៊ីណូ នៅចំណុចច្រកព្រំដែនជ្រៃធំ គេមិនដែលឃើញលោក ផៃ ប៊ុនឈឿន ជាអភិបាលខេត្តកណ្តាល ឮមាត់ឮក ពីបញ្ហានេះទេ ហើយប្រភពព័ត៌មាន ពីក្រុមឈ្មួញបានឲ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាពនាំចេញស្ករស មួយថ្ងៃៗរាប់សិបតោន ចុះទៅស្រុកយួន ក៏ដូចជាការនាំចូល ជីកសិកម្មមកពីស្រុកយួន សុទ្ធតែជាប់កាតព្វកិច្ច បង់លុយភាគរយឲ្យលោក ឈឿន ឆន ។
ក្រុមឈ្មួញមួយចំនួន បានបង្ហើបឲ្យដឹងថា ការដឹកជញ្ជូនស្ករស ចេញទៅលក់នៅស្រុកយួនមិនថា ជារបស់មន្ត្រីមានអំណាចនោះទេ ត្រូវតែបង់លុយ ជូនលោក ឈឿន ឆន បន្ថែមពីលើការបង់លុយ ជូនមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលភាសាសាមញ្ញ គេនិយាយថា ហ៊ុនខ្យល់ ឧទាហរណ៍ដូចជា សម្រាប់ស្ករស ១គីឡូក្រាម ត្រូវកំណត់ជាប្រាក់ បង់ជូនលោក ឈឿន ឆន ប្រមាណ ៤០០ រៀល ដែលចំនួនទឹកប្រាក់នេះ ត្រូវគេដឹងថា កាត់ចេញពីការបង់ជូន មន្ត្រីធំម្នាក់ដែលពីមុន មានសិទ្ធិអំណាចប្រមូលលុយ ពីការនាំចេញស្ករស ទៅស្រុកយួន ក្នុង ១គីឡូក្រាម ៧០០រៀល ឥឡូវត្រូវបែងចែកឲ្យលោក ឈឿន ឆន ដល់ទៅជាងពាក់កណ្តាល។ ការរកស៊ីដឹកជញ្ជូនស្ករស របស់ឈ្មួញទាំងតូចទាំងធំ ចេញទៅស្រុកយួន តាមច្រកជ្រៃធំ ក្នុងមួយថ្ងៃៗរាប់សិបតោន ត្រូវជាប់កាតព្វកិច្ច បង់លុយជូនសមត្ថកិច្ច និងមន្ត្រីជំនាញ គ្រប់ច្រកល្ហកទាំងអស់ ។
ជាញឹកញយគេសង្កេតឃើញលោក ផៃ ប៊ុនឈឿន បានណែនាំសមត្ថកិច្ច និងមន្ត្រីគ្រប់ជាន់ថ្នាក់ គ្រប់ច្រក គ្រប់ផ្លូវជាតិ នៅទូទាំងខេត្តកណ្តាល ឲ្យយកចិត្តទុកដាក់ អនុវត្តន៍តាមគោលការណ៍ កែទម្រង់ស៊ីជម្រៅ តាមរយៈការលុបបំបាត់ប៉ុស្តិ៍ជជុះ កុំប្រព្រឹត្តអំពើពុករលួយ និងយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ សម្រួលដល់ការ ដឹកជញ្ជូនកសិផល។ ប៉ុន្តែភាពអនាធិបតេយ្យ ដែលបង្កឡើងដោយលោក ឈឿន ឆន បែរជាលោកអភិបាល ខេត្តកណ្តាល ធ្វើមិនដឹងមិនឮ មិនដឹងជាមានអាថ៌កំបាំងអ្វី ជាក់ស្តែងបញ្ហា បនល្បែងស៊ីសង ក៏ដូចជាសង្វៀនបញ្ជល់មាន់ នៅក្នុងស្រុកស្អាង ស្រុកកៀនស្វាយ ស្រុកកោះធំ និងស្រុកលើកដែក សូម្បីតែនៅ កណ្តាលក្រុងតាខ្មៅ ក៏មានបនល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង គេមិនដែលឃើញសមត្ថកិច្ច ចុះទៅបង្ក្រាបម្តងណាឡើយ ក៏ព្រោះតែលោក ឈឿន ឆន ដែលជាកូនប្រុសសំណព្វចិត្ត របស់លោក ផៃ ប៊ុនឈឿន មានពាក់ព័ន្ធយ៉ាងជ្រៅ ជាមួយបញ្ហាល្បែងស៊ីសង នៅលើទឹកដីខេត្តកណ្តាល។
សូម្បីតែបញ្ហាកុងត្រូលជជុះ ដ៏ប្រសេចប្រសាច តាមដងផ្លូវក៏លោក ផៃ ប៊ុនឈឿន គ្មានសមត្ថភាពលុបបំបាត់ រាប់តាំងពីប៉ុស្តិ៍ជជុះ របស់ក្រុមជញ្ជីង ថ្លឹងរថយន្ត ផ្ទុកលើសទម្ងន់ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានដាក់ពង្រាយមន្ត្រី សឹងគ្រប់ផ្លូវជាតិទាំងអស់ ឲ្យចុះប្រមូលលុយ ពីការរកស៊ីដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ បង្កឲ្យមានផលប៉ះពាល់ យ៉ាងខ្លាំងសម្បើម។ អ្វីៗនៅតែដំណើរការ ដោយរលូនល្អ ចង់អសកម្មជាងមុនទៅទៀត ក្រោយពេលលោក ផៃ ប៊ុនឈឿន ឡើងធ្វើជាអភិបាល ខេត្តកណ្តាល បើទោះបីជាពីដំបូងទី គេយល់ឃើញថា លោក ផៃ ប៊ុនឈឿន អាចធ្វើការកែទម្រង់ លុបបំបាត់ភាពអសកម្ម ឬអាចគ្រាន់បើជាងការដឹកនាំ របស់លោក ឈុន ស៊ីរុន ប៉ុន្តែមួយរយៈក្រោយមក ទើបដឹងថាអ្វីៗនៅតែដដែល និងចង់យ៉ាប់ជាងមុនទៅទៀត ធ្វើឲ្យប្រជាពលរដ្ឋ អស់សង្ឃឹមយ៉ាងខ្លាំង។
យ៉ាងណាក៏ដោយ គេចង់ឃើញលោក ផៃ ប៊ុនឈឿន ចាត់វិធានការ ឲ្យបានតឹងតែងនិងមានប្រសិទ្ធភាព ចំពោះភាពអនាធិបតេយ្យ នៃបញ្ហាបនល្បែង ស៊ីសងគ្រប់ប្រភេទ ដូចដែលមន្ត្រីមួយចំនួន បានលើកឡើងថា បើសិនជាអាចបង្ក្រាប បនល្បែងស៊ីសង របស់លោក ឈឿន ឆន ជ្រកក្រោមស្លាក កាស៊ីណូនៅជ្រៃធំ គឺបនល្បែងដទៃទៀត នឹងបិទដោយស្វ័យប្រវត្តិ គ្មាននរណាហ៊ានបំពាន លើបទបញ្ជា របស់អភិបាលខេត្តទេ។ សម្រាប់ប៉ុស្តិ៍ជជុះ ក៏ដូចគ្នាប្រសិនបើ ផ្តើមចេញពីការលុបបំបាត់ អំពើពុករលួយក្នុងជួរ មន្ត្រីសាលាខេត្ត ជាពិសេសកុំឲ្យលោក ឈឿន ឆន ពាក់ព័ន្ធជាមួយ ហ៊ុនខ្យល់ នៃការដឹកជញ្ជូនស្ករស ចេញទៅស្រុកយួន ច្បាស់ណាស់ដែលថា អ្វីៗនឹងល្អប្រសើរឡើង ហើយកេរ្តិ៍ឈ្មោះរបស់លោក ផៃ ប៊ុនឈឿន នឹងទទួលបាននូវការគោរព កោតសរសើរ ពីការកែទម្រង់ យ៉ាងមានប្រសិទ្ធភាព៕
Source from: watphnom-news.com