គួរស៊ើបអង្កេតឲ្យមានតម្លាភាព ពីអគ្គិភ័យនៅរោងជាងស៊ីម៉ាក់ ប្រចាំខេត្តបាត់ដំបង និងកែទម្រង់ការដឹកនាំ តាមបែបអសកម្ម បក្ខពួកនិយម
ខេត្តបាត់ដំបង៖ការស៊ើបអង្កេតដោយតម្លាភាពនិងស៊ីជម្រៅមិនទាន់ត្រូវបានរៀបចំធ្វើនៅឡើយទេចំពោះព័ត៌មានខ្សឹបខ្សៀវជាច្រើនដែលបានលើកឡើងថាខេត្តបាត់ដំបង ៖ ការស៊ើបអង្កេតដោយតម្លាភាព និងស៊ីជម្រៅ មិនទាន់ត្រូវបានរៀបចំ ធ្វើនៅឡើយទេ ចំពោះព័ត៌មានខ្សឹបខ្សៀវជាច្រើន ដែលបានលើកឡើងថា អាចមានរឿងរ៉ាវអាថ៌កំបាំង ដែលនាំឲ្យកើតមានគ្រោះអគ្គិភ័យ បំផ្លាញទ្រព្យសម្បត្តិជិត ២លានដុល្លារ ហើយគេដឹងថា រោងជាងរបស់ស៊ីម៉ាក់ ប្រចាំខេត្តបាត់ដំបង ត្រូវបានសាងសង់ ក្រោមជំនួយរបស់ជប៉ុន ជាប្រភេទរោងជាងធំជាងគេ ក្នុងចំណោមរោងជាងរបស់ស៊ីម៉ាក់ តាមតំបន់និងតាមបណ្តាខេត្តដទៃ ហើយរឿងដែលគួរឲ្យ ចាប់អារម្មណ៍នោះ ការឆាបឆេះនោះ បានកើតឡើងក្រោយពេល មានការបញ្ជាទិញសម្ភារៈ គ្រឿងបន្លាស់ផ្សេងៗ ដែលមានតម្លៃប្រមាណ ១លានដុល្លារ ត្រូវបំផ្លាញយ៉ាងខ្ទេចខ្ទី មិនដឹងថា ការឆាបឆេះនោះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឬមានរឿងរ៉ាវអាថ៌កំបាំងអ្វីនោះទេ។
តាមរយៈលិខិតក្នុងប្រព័ន្ធសារអេឡិចត្រូនិក ផ្ញើជូនបណ្តាញផ្សព្វផ្សាយព័ត៌មាន ជនអនាមិកបានលើកឡើងថា ករណីភ្លើងឆេះរោងជាង ជួសជុលបរិក្ខារ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមករា បណ្តាលឲ្យឧបករណ៍បរិក្ខារ យានជំនិះដែលមានតម្លៃសរុបជាង ៤០ម៉ឺន ដុល្លារអាមេរិក ត្រូវបានបំផ្លាញ ។ ជនអនាមិកដែលបាន ទម្លាយព័ត៌មាន បានអះអាងថាខ្លួនគឺជា បុគ្គលិកបម្រើការងារ នៅរោងជាងស៊ីម៉ាក់ បានបង្ហើបឲ្យដឹងថា វាអាចមានរឿងរ៉ាវអាថ៌កំបាំង សម្រាប់ករណីអគ្គិភ័យមួយនេះ ព្រោះពេលកើតហេតុមិនមាន អ្នកយាមប្រចាំការទេ ហើយមន្ត្រីមួយចំនួននៅក្បែរនោះ បានព្យាយាមពន្លត់ភ្លើងដោយខ្លួនឯង មុនពេលសុំកិច្ចអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាល ខេត្តបាត់ដំបង គឺត្រូវប្រើរយៈពេល ៣ម៉ោងឯណោះ ទើបភ្លើងរលត់ ហើយគេដាក់ការសង្ស័យថា គ្រោះអគ្គិភ័យនោះ វាបានកើតឡើងតាមផែនការ។
លិខិតអនាមិក បានលាតត្រដាងទៀតថា លោក ហេង រតនា បានបង្កើតបណ្តាញ ពុករលួយនៅជុំវិញគាត់ ហើយឧបករណ៍បរិក្ខារថ្មីៗ ដែលត្រូវចំណាយប្រាក់ជិត ១លានដុល្លារ ត្រូវបានទិញ ដោយអ្នកគ្រប់គ្រងរោងជាង មួយថ្ងៃមុនពេលកើតហេតុ ប៉ុន្តែប្រតិបត្តិការទិញ ឧបករណ៍បរិក្ខារទាំងនេះ មិនអាចត្រូវរៀបចំឲ្យមានឯកសារ បន្តទៀតបានទេ ដោយសារតែភ្លើងបាន ឆាបឆេះអស់ហើយ។ មានការលើកជាសំណួរថា តើគ្រឿងបន្លាស់ដែល ទើបតែបញ្ជាទិញ ក្នុងតម្លៃរាប់សែនដុល្លារនោះ ត្រូវភ្លើងឆេះមែនឬទេ ព្រោះគេខ្លាចសម្ភារៈបរិក្ខារទាំងនោះ បញ្ជូនចូលឃ្លាំងរួចហើយ ក៏មានការលួចបញ្ចេញទៅវិញ ហើយយកលេសថា គ្រោះអគ្គិភ័យបានបំផ្លាញ ព្រោះមិនមានឯកសារបញ្ជាក់ទៀតទេ។ លិខិតអនាមិកក៏បានលើកឡើង អំពីការគ្រប់គ្រងតាមបែប បក្ខពួកនិយម នៅក្នុងរោងជាងស៊ីម៉ាក់ ប្រចាំខេត្តបាត់ដំបង ដោយបានបញ្ជាក់ថា មានសាច់ញាតិរបស់លោក ហេង រតនា ច្រើនណាស់ ដូចជាអ្នកគ្រប់គ្រង រោងជាង មន្ត្រីភស្ភុភារ មន្ត្រីហិរញ្ញវត្ថុ និងក្រុមបច្ចេកទេស ហើយដីនៅក្បែររោងជាងនោះ មានទំហំជាង ១ពាន់ហិកតា ជារបស់លោក ហេង រតនា មានប្រេង អេស្កាវ៉ាទ័រ និងរថយន្តរបស់ស៊ីម៉ាក់ ត្រូវបានប្រើប្រាស់នៅទីនោះ។
ទោះបីជាមានការលើកឡើង ពីប្រភពអនាមិកបែបនេះក៏ដោយ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល ស៊ីម៉ាក់ បានអះអាងថា គ្រោះអគ្គិភ័យនោះ បង្កឡើងដោយឆ្លងចរន្តអគ្គិសនី ហើយម៉ាស៊ីនកុំព្យូទ័រ ដែលមានឯកសារ ប្រតិបត្តិការ និងហិរញ្ញវត្ថុ ត្រូវបានបំផ្លាញខ្ទេចខ្ទី។ លោក ហេង រតនា បានប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា គាត់មានសាច់ញាតិខ្លះ បម្រើការងារក្នុង រោងជាងស៊ីម៉ាក់ ប្រចាំខេត្តបាត់ដំបង និងបានច្រានចោល ចំពោះការលើកឡើងដែលថា មានរឿងអាថ៌កំបាំង សម្រាប់គ្រោះអគ្គិភ័យ នៅក្នុងរោងជាងនោះ ដោយបញ្ជាក់ថា វាពិតជាកើតឡើង ដោយសារតែការ ឆ្លងចរន្តអគ្គិសនី ហើយគាត់មិនដែល បានប្រើប្រាស់ឧបករណ៍ សម្ភារៈគ្រឿងចក្រ របស់ស៊ីម៉ាក់ ទៅបម្រើការងារលើដីស្រែផ្ទាល់ខ្លួនទេ។
ជាមួយនឹងការបដិសេធចំពោះ ការលើកឡើងអំពីរឿងរ៉ាវអាថ៌កំបាំង ទាក់ទិននឹងគ្រោះអគ្គិភ័យ នៅរោងជាងស៊ីម៉ាក់ ប្រចាំខេត្តបាត់ដំបង គ្រប់ៗគ្នាចង់ឃើញការស៊ើបអង្កេត ដោយតម្លាភាព និងស៊ីជម្រៅមួយ ត្រូវបានធ្វើជុំវិញហេតុការណ៍ គ្រោះអគ្គិភ័យនោះ ដូចជាបើមានការឆាបឆេះ បំផ្លាញគ្រឿងចក្រ ក៏គួរតែវាយតម្លៃ ថាតើមានប្រភេទអ្វីខ្លះ ដែលត្រូវខូចខាតជាក់ស្តែង ព្រោះមានតែការស៊ើបអង្កេត ដោយតម្លាភាព និងយុត្តិធម៌នោះទេ ទើបអាចលុបបំបាត់ មន្ទិលសង្ស័យ ជុំវិញបញ្ហានេះ។ យ៉ាងណាក៏ដោយ មន្ត្រីជាច្រើន ក៏បានទាមទារឲ្យមានការកែទម្រង់ លើរបៀបរបបដឹកនាំ ក្នុងមជ្ឈមណ្ឌលស៊ីម៉ាក់ ដែលពោរពេញដោយ អំពើបក្ខពួកនិយម ហើយកន្លងមកម្ចាស់មូលនិធិ ក៏ធ្លាប់សម្តែងការមិនពេញចិត្ត ចំពោះបញ្ហាដែលកើតមាន ក្នុងមជ្ឈមណ្ឌលនេះ តាមរយៈការបង្កកជំនួយ ដោយសារតែភាពអសកម្ម ផងដែរ៕
Source from: watphnom-news.com



Loading...
Loading...