មេ​សហជីព​ដង្ហែ​គណបក្សកាន់អំណាច​និង​រាជរដ្ឋាភិបាល​ម្នាក់​មានមុខ​តំណែង​តួនាទី​ច្របូកច្របល់​

មេ​សហជីព​ដង្ហែ​គណបក្សកាន់អំណាច​និង​រាជរដ្ឋាភិបាល​ម្នាក់​មានមុខ​តំណែង​តួនាទី​ច្របូកច្របល់​

​លោក​ ជួន​ មុំ​ថុ​ល​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ ដែល​ជា​សហជីព​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ។​ ដោយសារ​គុណសម្បត្តិ​ដង្ហែ​រាជរដ្ឋាភិបាល​ និង​គណបក្សកាន់អំណាច​ដូច្នេះ​ហើយ​ ទើប​លោក​ ជួន​ មុំ​ថុ​ល​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៣/១៤០៤​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៣​ មាន​ឋានៈ​ជា​ឯកឧត្តម​ទល់​បច្ចុប្បន្ន​ ។​

​ក្រៅពី​មាន​តួនាទី​ជា​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ និង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នោះ​  ​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ក៏​មានមុខ​ងារ​ជា​អនុប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​(LAC)​ ជា​ភាគី​តំណាង​កម្មករ​ និយោជិត​ផង​ដែរ​ ។​

​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ នៅ​តាម​គ្រប់មុខ​សញ្ញា​ (​គ​.​ក​.​ប​)​ថែម​ទៀត​ ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៤៥​សសរ​ ចុះ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​

​មាន​ន័យ​ថា​ ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ កាន់កាប់​មុខងារ​ និង​តួនាទី​ដូច​តទៅ​ ៖​ ១-​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​,​ ២-​អនុប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​(LAC)​ ភាគី​តំណាង​កម្មករ​ និយោជិត​,​ ៣-​ទីប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ និង​៤-​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ នៅ​តាម​គ្រប់មុខ​សញ្ញា​ ដែល​មជ្ឈដ្ឋាន​នានា​ហៅ​ថា​ ជា​គណៈកម្មការ​សម្រាប់​បង្ក្រាប​កូដកម្ម​ បាតុកម្ម​ នៅ​តាម​គ្រប់មុខ​សញ្ញា​ និង​គ្រប់ពេលវេលា​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ លោក​ ជួន​ មុំ​ថុ​ល​ ជា​មេ​សហជីព​មួយ​ ត្រូវ​មាន​ភារកិច្ច​តំណាង​ឲ្យ​ផលប្រយោជន៍​របស់​កម្មករ​ និយោជិត​ បែរជា​មក​ធ្វើ​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ជា​ស្ថាប័ន​រាជរដ្ឋាភិបាល​ និង​មក​ធ្វើ​ជា​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ ដែល​រាល់​លើក​គណៈកម្មការ​នេះ​តែងតែ​បង្ក្រាប​ទៅ​លើ​កម្មករ​ និយោជិត​ដែល​ធ្វើ​កូដកម្ម​ បាតុកម្ម​ទៅ​វិញ​ ។​ ដូច្នេះ​ កម្មករ​ និយោជិត​ដែល​ជា​សមាជិក​សហជីព​របស់​លោក​ ជួន​ មុំ​ថុ​ល​ គឺជា​កម្មករ​ និយោជិត​គាំទ្រ​រាល់​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រី​ និង​គាំទ្រ​លើ​ករណី​ការ​បង្ក្រាប​របស់​ គ​.​ក​.​ប​ មក​លើ​កម្មករ​ និយោជិត​ខ្លួនឯង​ ឬ​អាច​និយាយ​បាន​ថា​ សមាជិក​សហជីព​របស់​លោក​ ជួន​ មុំ​ថុ​ល​ មិន​ត្រូវ​តវ៉ា​ជំទាស់​ជាមួយ​រាជរដ្ឋាភិបាល​ទេ​ បាន​ត្រឹម​ដង្ហែ​ និង​ទទួលយក​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​ ។​

​នេះ​គឺជា​ព័ស្តុតាង​បង្ហាញ​ថា​ មិន​ថា​មន្ត្រីរាជការ​របប​បុរស​ខ្លាំង​ប៉ុណ្ណោះ​ទេ​ដែល​មាន​មានមុខ​ងារ​ និង​តំណែង​ត្រួ​វ​សំពីងសំពោង​ សូ​ម្បី​តែ​មេ​សហជីព​ម្នាក់​ដូច​ជា​លោក​ ជួន​ មុំ​ថុ​ល​ ដែល​ដង្ហែ​តាម​គណបក្ស​នយោបាយ​កាន់​អំណាច​ ក៏​មានមុខ​ងារ​ច្របូកច្របល់​ដែរ​ ៕​

Chuon-Momthol


Source from: www.dtn7.com

No comments:

Post a Comment