គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ របស់​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ គួរ​ហៅ​ថា​ គណៈកម្មការ​បង្ក្រាប​កូដកម្ម​ បាតុកម្ម​វិញ​

គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ របស់​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ គួរ​ហៅ​ថា​ គណៈកម្មការ​បង្ក្រាប​កូដកម្ម​ បាតុកម្ម​វិញ​

​រឿងរ៉ាវ​ទាក់ទង​នឹង​ការ​បង្កើត​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ នៅ​តាម​គ្រប់មុខ​សញ្ញា​ សរសេរ​កាត់​ថា​  "​គ​.​ក​.​ប​"​ គឺ​កើត​មាន​តាំងពី​សម័យ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ នៅ​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​មក​ម្ល៉េះ​ ហើយ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​ប្រធាន​តែ​ម្តង​ ខណៈ​ដែល​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ត្រឹម​ធ្វើ​ជា​អនុប្រធាន​គណៈកម្មការ​នេះ​ប៉ុណ្ណោះ​ ។​

​លុះ​ឈាន​ចូល​មក​ដល់​ការ​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ដដែល​ និង​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ និង​តែងតាំង​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វិញ​ តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​នោះ​ សមាសភាព​របស់​ គ​.​ក​.​ប​ ត្រូវ​បាន​កែសម្រួល​ស្ទើរ​ទាំងស្រុង​ ដោយ​អនុក្រឹត្យ​លេខ​៤៨៩​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៣​ ពោល​គឺ​តម្រូវ​ឲ្យ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ធ្វើ​ជា​ប្រធាន​គណៈកម្មការ​នេះ​តែ​ម្តង​ ។​

​ជា​បន្ត​មក​ទៀត​ ដោយ​យោង​តាម​អនុក្រឹត្យ​លេខ​៤៨៩​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៣​ ស្តី​ពី​ការ​កែសម្រួល​ គ​.​ក​.​ប​ នោះ​ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​លេខ​៤៥​សសរ​ ចុះ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ តែងតាំង​សមាសភាព​ គ​.​ក​.​ប​ ចំនួន​៤៩​នាក់​ (​ចំពោះ​នៅ​រាជធានី​ភ្នំពេញ​)​ និង​មាន​ចំនួន​៥០​នាក់​(​ចំពោះ​នៅ​តាម​បណ្តា​ខេត្ត​ ដោយ​បញ្ចូល​បន្ថែម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ជា​សមាជិក​)​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាក់ទង​នឹង​ការ​តែងតាំង​សមាសភាព​ គ​.​ក​.​ប​ គឺ​ក្រៅពី​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ តាម​ធ្វើ​ជា​ប្រធាន​ គ​.​ក​.​ប​ ដល់ទី​បញ្ចប់​ នៅ​មាន​មេ​ប​បញ្ជាការ​កងទ័ព​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ មេ​ប៉ូលិស​ និង​មេបញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ បូក​រួម​ទាំង​មេ​សហជីព​ដង្ហែ​រាជរដ្ឋាភិបាល​ផង​ ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​អនុប្រធាន​ និង​សមាជិក​ គ​.​ក​.​ប​ ជា​អាទិ៍​ ៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ ជា​អនុប្រធាន​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ជា​អនុប្រធាន​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​អនុប្រធាន​,​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ មេបញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ និង​ត្រូវជា​កូនប្រុស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ជា​អនុប្រធាន​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ និង​ជា​នាយ​រង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ជា​អនុប្រធាន​,​ ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ទីប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ ជា​សមាជិក​ គ​.​ក​.​ប​…​។​ល​។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​អ្នក​តាមដាន​វិស័យ​ការងារ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ តាម​ការ​កត់សម្គាល់​នា​ពេល​កន្លង​មក​ គ​.​ក​.​ប​ មិន​បាន​ដោះស្រាយ​រាល់​រឿងរ៉ាវ​មុន​ពេល​កូដកម្ម​ បាតុកម្ម​របស់​កម្មករ​កើតឡើង​នោះ​ទេ​ គឺ​តែងតែ​ចុះ​ដោះស្រាយ​តាម​របៀប​បង្ក្រាប​ទៅ​លើ​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ទាមទារ​បញ្ហា​ផ្សេងៗ​ទៅ​វិញ​ ។​ ដូច្នេះ​ យោង​តាម​សមាសភាព​របស់​ គ​.​ក​.​ប​ រួម​នឹង​ទម្លាប់​ធ្វើ​ការងារ​របស់​ គ​.​ក​.​ប​ ផង​នោះ​ គឺ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​របស់​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ គួរ​ហៅ​ថា​ជា​គណៈកម្មការ​សម្រាប់​បង្ក្រាប​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ និង​គ្រប់ពេលវេលា​វិញ​ទើប​ស័ក្តិសម​ជាង​ ៕​

Ith-Samheg01-03


Source from: www.dtn7.com

No comments:

Post a Comment