នឹកកូនខ្លាំងពេក តាមរកដល់ភ្នំពេញ រហូតធ្លាក់ខ្លួនអត់អាហារ ដើរដេកតាមសំយ៉ាបផ្ទះគេ
រាជធានីភ្នំពេញ៖ដោយសារតែនឹកកូនខ្លាំងពេកស្ត្រីវ័យចំណាស់ម្នាក់បានធ្វើដំណើរតាមឡានឈ្នួលមកពីខេត្តកំពង់ឆ្នាំងច្រើនថ្ងៃមកហើយក្នុងបំណងមកលេងកូននៅភ្នំពេញរាជធានីភ្នំពេញ ៖ ដោយសារតែនឹកកូនខ្លាំងពេក ស្ត្រីវ័យចំណាស់ម្នាក់ បានធ្វើដំណើរតាមឡានឈ្នួល មកពីខេត្តកំពង់ឆ្នាំង ច្រើនថ្ងៃមកហើយ ក្នុងបំណងមកលេងកូននៅភ្នំពេញ ប៉ុន្តែវង្វេងផ្ទះរកកូនមិនឃើញ បានធ្លាក់ខ្លួនដើរដេក តាមសំយ៉ាបផ្ទះអ្នកភូមិ ត្រូវចៅសង្កាត់កាកាប ហៅមកស្នាក់នៅនិងហូបចុក នៅសាលាសង្កាត់ រយៈពេល៦ ថ្ងៃកន្លងមកហើយ នៅតែមិនមានដំណឹងពីកូន។
ស្ត្រីវ័យចំណាស់ ដ៏អភ័ព្វម្នាក់នេះ មានឈ្មោះ សុខ ម៉េត អាយុ៥៩ ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គាត់ឡើងមកភ្នំពេញ តាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ដើម្បីមករកកូនស្រី ដែលស្នាក់នៅភ្នំពេញ ប៉ុន្តែគាត់វង្វេងផ្ទះ ដើររកកូនមិនឃើញ។ កូនស្រីរបស់គាត់ មានឈ្មោះ សុខ ជាតិ អាយុ ជាង ៣០ឆ្នាំ ជាកូនទី៣ និងមានប្តីឈ្មោះ វណ្ណ ដា ។
ចំណែកកូនស្រីម្នាក់ទៀត មានឈ្មោះ សុខ លីន អាយុជាង ២០ឆ្នាំ ជាកូនទី៤ មានប្តីឈ្មោះ ធី ជាចុងភៅ សព្វថ្ងៃកូន និងកូនប្រសារ ស្នាក់នៅភ្នំពេញ។ ឈ្មោះ សុខ ម៉េត ជាស្ត្រីមេម៉ាយ មានកូន ៦នាក់ ក្នុងនោះស្រី ៤នាក់ និងមានគ្រួសារអស់ ៤នាក់ នៅសល់ ២នាក់ទៀត នៅស្រុកកំណើត។ មន្ត្រីសាលាសង្កាត់កាកាប សូមអំពាវនាវដល់ប្រជាពលរដ្ឋ បើសិនបានស្គាល់ឬកូនស្រី និងកូនប្រសាររបស់គាត់ បើបានទទួលដំណឹងខាងលើនេះ សូមមកទទួលយកម្តាយ នៅសាលាសង្កាត់កាកាប ផង៕
Source from: watphnom-news.com

Loading...
Loading...