ពលករខ្មែរបម្រុងលួចឆ្លងដែន ទៅរកការងារធ្វើមិនប្រយ័ត្ន ដើរជាន់មីននៅក្នុងទឹកដីថៃ

ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរម្នាក់ បានលួចឆ្លងដែនដោយខុសច្បាប់ បម្រុងចូលទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ដើរមិនបានប្រុងប្រយ័ត្ន ទៅជាន់មីនប្រភេទ កង្កែប ផ្ទុះដាច់កជើងខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៣និង១៥ នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅចំណុចច្រករបៀងមួយកន្លែង ក្នុងទឹកដីថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថិតក្រោមការគ្រប់គ្រងដោយលោក វរសេនីយ៍ទោ សូ ចាន់ណារី មេបញ្ជាការរវការពារ ព្រំដែនគោកលេខ៩១១ ។
ជនរងគ្រោះមានឈ្មោះ អុក បូរិន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិវាល៧ ឃុំទ្រាល ស្រុកបារាយ ខេត្តកំពង់ធំ ត្រូវបានរងរបួសដាច់ក ជើងខាងស្តាំម្ខាង ត្រូវភាគីថៃបញ្ជូនប្រគល់ឲ្យសមត្ថកិច្ចកម្ពុជា នាំយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតនៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ សូមបញ្ជាក់ថា ពលករខ្មែរចំណាកស្រុក ដែលលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់ ជារឿយៗមានគ្រោះថ្នាក់ ជាយថាហេតុ មានដូចជា ត្រូវតម្រួតថៃ វាយធ្វើបាបតាមអំពើចិត្ត រងគ្រោះដោយការ ជំរិតទារប្រាក់ និងខ្លះទៀតត្រូវបានសមត្ថកិច្ចថៃ យកទៅញាត់គុក ដោយចោទថា ខ្មែរលួចឆ្លងដែនចូលទឹកដីគេ ដោយខុសច្បាប់ ៕ ដោយ ចិន្តា
Source from: watphnom-news.com