ស្រី្តមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម នៅតាមតំបន់ជាយដែន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រុងប៉ោយប៉ែត ៖ មន្ត្រីនគរបាលអធិការដ្ឋាន ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន យ៉ាងសកម្ម នៅតំបន់ជាយដែន កាលពីវេលាម៉ោង ១០និង៤០ យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្សារមង្គលថ្មី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី អ៊ុំ សុផល អធិការ នគរបាលក្រុង បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី២៣ ខែមេសា នេះថា ក្រោយពីបានទទួលព័ត៌មាន ពីក្រុមសមត្ថកិច្ចសម្ងាត់ តាមដាននិងស្រាវជ្រាវ និងកំណត់មុខសញ្ញាយ៉ាងច្បាស់ លោកក៏បានដឹកនាំកម្លាំង ទៅកន្លែងចែកចាយគ្រឿង និងបានឃាត់ស្ត្រីសង្ស័យម្នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ១៨ថង់តូច។ ចំណែកស្ត្រីសង្ស័យ មានឈ្មោះ ញឹម ចិន្តា ភេទស្រី អាយុ ៣១ឆ្នាំ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត និងមានស្រុកកំណើត នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកបានបន្តថា ស្ត្រីសង្ស័យខាងលើនេះ បានចែកចាយគ្រឿងញៀន យ៉ាងសកម្ម នៅតាមផ្លូវសាធារណៈ តាមក្លិបឌីស្គូ ជាពិសេសចែកចាយ ឲ្យទៅក្រុមសិស្សានុសិស្ស ស្ថិតក្នុងវ័យសិក្សា ។ ក្រោយពេលឃាត់ខ្លួន ស្ត្រីសង្ស័យបានសារភាព មុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើស ជួញដូគ្រឿងញៀន ខាងលើនេះមែន ដោយខ្លួនមានជីវភាពក្រីក្រ ទើបសម្រេចចិត្ត ជួញដូរគ្រឿងញៀនបែបនេះ។ បច្ចុប្បន្នស្ត្រីសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំរឿងបញ្ជូន ទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕ ដោយ ចិន្តា
Source from: watphnom-news.com