ឡានដឹកសាំងក្រុមហ៊ុន LHR បើកបុកម៉ូតូស្លាប់ ២នាក់ប្តីប្រពន្ធ ហើយកូនស្រីរបួសធ្ងន់

ខេត្តកណ្តាល ៖ ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ត្រូវឡានបើកបុកនិងកិន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯកូនស្រីម្នាក់ទៀត ដែលរួមដំណើរជាមួយ បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ១៥និង២០ នាទីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ ៣៤និង៣៥ ក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ហើយរថយន្តបង្ក បានព្យាយាមបើករត់ យកទៅលាក់ក្នុងហ្គារ៉ាសសាំង LHR ជិតផ្សារឧដុង្គ អ្នកបើកបរគេចខ្លួនបាត់ ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ង្វៀង យុំាងម៉ុម ភេទប្រុស និងឈ្មោះ ង្វៀង ធីវ៉ាង ត្រូវជាប្រពន្ធ និងម្នាក់ទៀតឈ្មោះ ង្វៀង ធីអ៊ុក ភេទស្រី អាយុ ១០ឆ្នាំ ត្រូវជាកូនជនរងគ្រោះ បានរងរបួសធ្ងន់ ជនរងគ្រោះទាំង ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1098 រងការខូចខាត ស្ទើរតែទាំងស្រុង ។ ចំណែករថយន្តបង្ក ម៉ាក FUSO ពណ៌ខៀវលាយក្រហម ជាប្រភេទរថយន្តដឹកប្រេង ពាក់ស្លាកលេខ ក-8692 ភព3 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ក្រោយពីលាក់រថយន្ត រួចបានគេចខ្លួនបាត់ស្រមោល។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាឌុបកូនិងប្រពន្ធ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តដឹកប្រេងឥន្ធនៈ បើកយ៉ាងលឿនជ្រុលទៅបុក ម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯកូនស្រីម្នាក់ គ្រាន់តែរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះជាបន្ទាន់។
ចំណែកឯរថយន្តបង្ក បន្ទាប់ពីបុកជនរងគ្រោះទាំង ៣នាក់ បណ្តាលឲ្យស្លាប់និងរបួសរួច បានព្យាយាមបើករត់ រហូតដល់ជិតផ្សារឧដុង្គ ក៏ចូលហ្គារ៉ាសសាំង LHR លាក់ទុកនៅទីនោះ ហើយអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ នគរបាលបានដេញតាម ធ្វើការស្រាវជ្រាវរកឃើញ រថយន្តបង្កនិងឃាត់យកមក កសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯសាកសពវិញត្រូវប្រគល់ទៅ ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕
Source from: watphnom-news.com