បត់ម៉ូតូចូលរោងការត្រូវឡានទំនើបបុកពីក្រោយ ដួលរដូករណែលពេញផ្លូវ របួស ៤នាក់

ខេត្ដបាត់ដំបង ៖ រថយន្ដនីសាន់ណាវ៉ារ៉ា បើកលឿនដូចព្រួញ បានជ្រុលទៅបុក ម៉ូតូមួយគ្រឿងពីក្រោយ ខណៈដែលកំពុងជិះឌុបគ្នា ៤នាក់ បម្រុងបត់ឆ្វេងដៃចូលរោងការ យ៉ាងពេញទំហឹងប៉ើងខ្ទាតមនុស្ស និងអូសធ្លាក់ចូលប្រឡាយទឹកបណ្ដាលឱ្យរងរបួសធ្ងន់ទាំង ៤នាក់ ហើយអ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ២និង៣០ នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្ដបាត់ដំបង ។
បុរសរងគ្រោះទាំង ៤នាក់ រួមមាន ទី១.ឈ្មោះ ពឿន ផល្លា អាយុ ២៣ឆ្នាំ ជាអ្នកបើកបរម៉ូតូ របួសបាក់កជើងស្ដាំ, ទី២.ឈ្មោះ ពឿន វិន អាយុ ១៦ឆ្នាំ របួសបាក់ភ្លៅស្ដាំ ទី៣. ឈ្មោះ ឌី សាវេត អាយុ ២២ឆ្នាំ របួសបាក់ជើងស្ដាំ ទី៤.ឈ្មោះចេង រក្សា អាយុ ៦ឆ្នាំ របួសបាក់កែងដៃស្ដាំ និងបែកក្បាល ហើយអ្នកទាំងអស់ រស់នៅភូមិដុបក្រសាំង ក្នុងភូមិកើតហេតុជាមួយគ្នា។ ជនរងគ្រោះទាំង ៤នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមធុន C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q-7106 ខូចខ្ទេចខ្ទី ហើយចំណែករថយន្ដបង្កម៉ាក នីសាន់ណាវ៉ារ៉ា ពណ៌ស គ្មានស្លាក លេខ ម្ចាស់បានរត់គេចខ្លួនបាត់ស្រមោល ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងជិះគ្នា ៤ នាក់ ក្នុងនោះមានក្មេងតូចផង ជិះចេញពីផ្ទះទៅចូលរួមពិធីមង្គលការ នៅចុងភូមិដុបក្រសាំង ដោយធ្វើដំណើរ ពីកើតទៅលិច គឺពីភ្នំពេញ មកបាត់ដំបង។ លុះពេលដល់មុខរោងការ ម៉ូតូត្រូវបត់ឆ្វេងចូលរោងការ ក៏ត្រូវរថយន្ដមួយគ្រឿង ម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ស កំពុងបើកស្របទិសគ្នា បុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យមនុស្សខ្ទាតបាក់ដៃ បាក់ជើង ដួលរដូករណែលពេញផ្លូវ និងធ្លាក់ប្រឡាយទឹក ហើយជនរងគ្រោះទាំង ៤នាក់ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ស្រុកមោងឫស្សី ភ្លាមៗផងដែរ៕
Source from: watphnom-news.com