ម៉ូតូបើកបុកម៉ូតូប៉ើងខ្ទាតមនុស្ស ដួលរដូករណែលពេញផ្លូវ រងរបួសធ្ងន់ស្រាល ៣នាក់

ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់បុរស ២នាក់ បានរងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតរងរបួសស្រាល ដោយសារម៉ូតូនិងម៉ូតូបុកគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោងជិត ៩យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ នៅមុខតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ស្ថិតនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយសារការបើកបរ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។
ជនរងគ្រោះរួមមាន១-ឈ្មោះ ទូច លាភ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A-៧២២៥ ២-ឈ្មោះ វេង វិច្ឆិការ ភេទប្រុស អាយុ ២៥ឆ្នាំ ជាកម្មករធ្វើការ នៅរោងចក្រ អឹមនិងវេ រស់នៅឃុំជ្រៃបាក់ និង ៣-ឈ្មោះ ញ៉េប គីម ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិត្រោកកណ្តាល ឃុំស្រែថ្មី ស្រុករលាប្អៀរ ទាំង ២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង១A-៣៥៥១ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A-៧២២៥ ជិះម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច នៅពេលមដល់ចំណុចកើតហេតុ បានគេចជង្ហុក ហើយក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A-៣៥៥១ ឌុបគ្នា ២នាក់ ដែលកំពុងធ្វើដំណើរ ក្នុងទិសដៅផ្ទុយគ្នា ហើយម៉ូតូទាំង ២ប៉ើងខ្ទាត ចេញពីគ្នា។
ក្នុងហេតុការណ៍នោះ បុរសម្នាក់បានសន្លប់ ស្តូកស្តឹងនៅលើផ្លូវ និងបុរសម្នាក់ទៀត រងរបួសរយះប្រអប់ជើងខាងស្តាំ ដោយឡែកស្ត្រីម្នាក់ បានរងរបួសស្រាល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយមធ្យោបាយបង្ក ត្រូវបានសមត្ថកិច្ច នគរបាលចរាចរណ៌ផ្លូវគោកខេត្ត អួសយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ៕
Source from: watphnom-news.com