ឆាន់ខារ៉ាបាវអស់មួយកំប៉ុងងោកងុយ ត្រូជនកំហូចលួចយកលុយវត្ត អស់ជិត ៤០០ដុល្លារ

ខេត្តកំពង់ឆ្នាំង ៖ ព្រះគ្រូចៅអធិការវត្តមួយអង្គ បានចាញ់បោក អ្នកដើរលក់ធុងបាស់ មិនស្គាល់អត្តសញ្ញាណម្នាក់ អស់លុយជិត ៤០០ដុល្លារ ដោយសារតែឆាន់ខារ៉ាបាវ របស់ជនឆបោកអស់មួយកំប៉ុង ងងុយសឹងបាត់បង់ស្មារតី កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ធ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នៅក្នុងវត្តស្រះកែវ ក្នុងភូមិស្រះកែវ ឃុំមរលំ ស្រុកបរិបូរណ៍។
ព្រះគ្រូចៅអធិការវត្តស្រះកែវ ដែលចាញ់បោកអ្នកលក់អុងបាស់ មានព្រះនាម ហែន ទ្រូ ព្រះជន្ម ៥៨ព្រះវស្សា ជនជាតិខ្មែរកម្ពុជាក្រោម ទើបបួសបានមួយវស្សា។ មុនពេលកើតហេតុ ព្រះអង្គបានយកលុយវត្ត មករាប់នៅលើកុដិ ពេលនោះមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូឌុបធុងបាស់ តូចៗដើរលក់តាមភូមិ បានយកក្រដាស ១០ដុល្លារ មកដូរយកលុយខ្មែរដោយបានទិញ ខារ៉ាបាវមួយកំប៉ុង ប្រគេនលោកឆាន់។
ក្រោយពីព្រះអង្គឆាន់រួច ក៍ងោកងុយ ហើយក៍បានសឹងលក់ទៅ ពេលនោះបុរសកំហូច បានលួចយកលុយ របស់ព្រះអង្គទាំងអស់ សរុបមានប្រាក់ដុល្លារចំនួន ៣៥៥ ដុល្លារ និងលុយខ្មែរចំនួន ១៦ម៉ឺនរៀល គឺជាលុយរបស់វត្ត សំរាប់ទិញដែកនិងស៊ីម៉ង់ ទុកកសាងព្រះវិហារ ហើយជិះម៉ូតូគេចខ្លួនបាត់តែម្តង។ ក្រោយពីដឹងព្រះកាយវិញ រកលុយមិនឃើញ ទើបព្រះអង្គដឹងថា ចាញ់បោកបុរសកំហូចនោះ ដោយសង្ស័យថា គេបានដាក់ថ្នាំងងុយដេក នៅក្នុងទុយោ ដើម្បីធ្វើសកម្មភាពខាងលើនេះ៕
Source from: watphnom-news.com