កំពុងតែកុម្ម៉ង់ឲ្យជាងអ៊ុតសក់ត្រង់ ត្រូវគូជម្លោះដេញកាប់ ផ្អើលហាងអ៊ុតសក់យីហោ លីណា

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ពេលកំពុងតែ កុម្ម៉ង់ឲ្យជាងអ៊ុតសក់ត្រង់ ស្រាប់តែអតីតគូទំនាស់ ដើរមកប្រទះឃើញ ក៏រត់ទៅយកកាំបិតកាចែតចុងស្រួច មកកាប់ក្បាលបណ្តាលឲ្យរបួស ហូរឈាមស្រោចខ្លួន ហើយភ្លាមៗនោះជនដៃដល់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ ខ្លួនភ្លាមៗផងដែរ កាលពីវេលាម៉ោង ១៨និង៣០ នាទីព្រលប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅចំណុចក្នុងហាងអ៊ុតសក់ យីហោលីណា មានទីតាំងផ្ទះលេខ២៦Eoz ផ្លូវលេខ៨១ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ជនដៃដល់ដែលឃាត់ខ្លួន មានឈ្មោះ ជា ហេង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្សសាលាចិនទួនហ្វា ស្នាក់នៅផ្ទះលេខ១៦E៣ ផ្លូវលេខ៨១ ភូមិ៨ សង្កត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដកហូតបានវត្ថុតាង កាំបិតកាចែវចុងស្រួច ដងឈើប្រវែង៤០ សង់ទីម៉ែត្រ។ ចំណែកជនរងគ្រោះឈ្មោះ រស់ សាវ៉ៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់អូឫស្សីទី៤ ខណ្ឌ៧មករា បានរងរបួសត្រង់ក្បាល ខាងឆ្វេងដេរ ៤ថ្នេរ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលហាងអ៊ុតសក់ ពេលកំពុងកុម្ម៉ង់ឲ្យជាងអ៊ុតសក់ត្រង់ ស្រាប់តែជនដៃដល់អតីតគូទំនាស់ ដែលមានទីលំនៅក្បែរនោះ ដើរមកឃើញជនរងគ្រោះ ដែលធ្លាប់មានទំនាស់ ជាមួយគ្នាកន្លងមកនោះ ជនដៃដល់ក៏រត់ឡើងទៅលើផ្ទះ កាន់កាំបិតចុងស្រួច មកកាប់ជនរងគ្រោះទាំងកំរោល បណ្តាលឲ្យរបួសក្បាលហូរឈាមស្រោចខ្លួន ហើយជនរងគ្រោះ ក៏ត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗ ចំណែកជនដៃដល់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួននាំមកកាន់ ស្នាក់ការប៉ុស្តិ៍ផ្សារថ្មីទី២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Source from: watphnom-news.com