អ្នកភូមិផ្ទុះកំហឹងដុតឃ្លាំងនិងផ្ទះក្រុមហ៊ុន SK ដោយសាររឿងចុះវាស់ដី រំលោភព្រៃអារក្ស
ខេត្តរតនគីរី៖ប្រជាពលរដ្ឋនៅភូមិហាត់ប៉ក់ពោរពេញដោយកំហឹងបានលើកគ្នាទៅដុតផ្ទះនិងឃ្លាំងរបស់ក្រុមហ៊ុនSKដោយចោទប្រកាន់ថាអាជ្ញាធរស្រុកខេត្តរតនគីរី ៖ ប្រជាពលរដ្ឋនៅភូមិហាត់ប៉ក់ ពោរពេញដោយកំហឹង បានលើកគ្នាទៅដុតផ្ទះនិងឃ្លាំង របស់ក្រុមហ៊ុន SK ដោយចោទប្រកាន់ថា អាជ្ញាធរស្រុក និងក្រុមហ៊ុនឃុបឃិតគ្នា រំលោភយកដីព្រៃអារក្ស ដែលគេហៅថា ព្រៃដុងចែនវែនរបស់ពួកគាត់ កាលពីវេលាម៉ោង ១២និង៤៥ នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នៅភូមិហាត់ប៉ក់ ឃុំហាន់ប៉ក់ ស្រុកវឺនសៃ ត្រងចំណុចទីតាំងក្រុមហ៊ុន SK ។
ក្នុងហេតុការណ៍នោះ គេឃើញផ្ទះ ២ខ្នង ត្រូវឆេះអស់ទាំងស្រុង ព្រមទាំងសម្ភារៈនៅក្នុងផ្ទះនោះ ចំណែកផ្ទះមួយខ្នងទៀត ដុតមិនឆេះ តែត្រូវប្រជាពលរដ្ឋ កាប់ចិញ្ច្រាំជញ្ជាំងខ្ទេចខ្ទីរអស់ រីឯការខូចខាត សរុបជាទឹកប្រាក់ អស់ប៉ុន្មាននោះ អ្នកសាព័ត៌មាន ពុំអាចដឹងទេ ដោយក្រុមហ៊ុននេះ ហាក់បីដូចមានការលាក់លៀម មិនស្វាគមន៍អ្នកសាព័ត៌មាន និងមិនផ្ដល់កិច្ចសម្ភាស ។
លោក ចាន់ ខុង មេឃុំហាន់ប៉ក់ បានឲ្យដឹងថា ការចុះមកសិក្សា វាស់វែងដីព្រៃនេះ មានក្រុមចម្រុះរបស់អាជ្ញាធរខេត្ត និងស្រុក ហើយការសិក្សាវាស់វែងនោះ លោកពុំបានដឹងថា គេសិក្សាវាស់វែងដើម្បីអ្វីទេ ពីព្រោះគេពុំបានជូនដំណឹង ឬធ្វើការផ្សព្វឲ្យ ប្រជាពលរដ្ឋ ដឹងជាមុនទេ។ លោកមេឃុំ បានបន្តទៀតថា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤ ជាថ្ងៃដែលគេចុះ សិក្សាវាស់វែង ខណៈដែលគេចុះទៅ គេគ្រាន់តែទូរស័ព្ទ ឲ្យលោកទៅចូលរួម តែលោកពុំបានទៅទេ ដោយលោកនៅឆ្ងាយ ដំណឹងក៏ជូនជាបន្ទាន់ ហើយម្យ៉ាងទៀត លោកខ្លាចប្រជាពលរដ្ឋចោទថា លោកឃុបឃិត លក់ដីឲ្យក្រុមហ៊ុន ។
ជុំវិញករណីខាងលើនេះ លោក ទឹម ស៊ីណាត ប្រធានមន្ទីរសុរិយោដីខេត្ត បានឲ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា នេះថា លោកទៅភ្នំពេញ លោកពុំបានដឹងទេ ។ ចំណែកលោក ង៉ែត ញិច ប្រធានភូមិបាល ស្រុកវឺនសៃ ក៏បានឲ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃដដែលនេះថា លោកពុំបានចូលរួមទេ ហើយការចុះសិក្សា វាស់វែងអ្វីនោះ ក៏លោកពុំបានដឹងដែរ។ ចំពោះលោក ជុំ ងឹល អភិបាលស្រុកវឺនសៃ ក៏ប្រាប់តាមទូរស័ព្ទថា លោកជាប់ប្រជុំ ។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មុននិងចុះទៅសិក្សា ធ្វើអ្វីនៅមូលដ្ឋានណាមួយ គួរតែជូនដំណឹង ឲ្យអាជ្ញាធរភូមិ.ឃុំ ឬចុះទៅផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ នៅតំបន់នោះដឹងជាមុនថា យើងចុះទៅធ្វើអ្វីដើម្បីអ្វី បើសិនជាវាស់ដីកំណត់ ព្រំប្រទល់ រវាងក្រុមហ៊ុននិងដីរដ្ឋ រវាងក្រុមហ៊ុននិងដី ភូមិ.ឃុំ ក៏ត្រូវតែមានការ ផ្សព្វផ្សាយជាមុនដែរ។
គួរបញ្ជាក់ផងដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ បានចោទប្រកាន់ ទៅលើអាជ្ញាធរខេត្ត និងក្រុមហ៊ុនថា ពួកគេបានឃុបឃិតគ្នា រំលោភយកដីពួកគាត់ ដែលជាដីសំរាប់ ទុកសែនអារក្ស ដែលពួកគាត់ខំថែរក្សាទុក ហើយទង្វើអាជ្ញាធរខេត្ត និងក្រុមហ៊ុន SK ដែលបាននិងកំពុងអភិវឌ្ឍន៍ស្អី នៅក្នងតំបន់ពួកគាត់ ដោយពួកគាត់ ពុំបានដឹងដូច្នេះ អាចចាត់ទុកថា គឺជាការប្រមាថ រំលោភយកទ្រព្យសម្បត្តិ របស់ពួកគាត់ ។ ទាក់ទិនករណីខាងលើនេះ លោក ប៉ាវ ហមផាន អភិបាលខេត្តរតនគីរី ពុំអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទហៅចូល លោកបានប្រាប់ថា កំពុងជាប់ប្រជុំ៕ ដោយ បានលុង
Source from: watphnom-news.com



Loading...
Loading...