ឡានក្រុងរបស់ក្រុមហ៊ុន ពន្លឺខ្មែរអង្គរ បើកបុកឡានយីឌុបពីក្រោយ ខ្ទេចមួយកំណាត់ខាងមុខ

ខេត្តកំពង់ឆ្នាំង ៖ កុមារីម្នាក់បានរងរបួសធ្ងន់ បាក់ជើងម្ខាង នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តក្រុង របស់ក្រុមហ៊ុនពន្លឺខ្មែរអង្គរ បុកជាមួយរថយន្តយីឌុបពីក្រោយ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុ រថយន្តក្រុងរបស់ក្រុមហ៊ុន ពន្លឺខ្មែរអង្គរ ពាក់ស្លាកលេខ ភ្នំពេញ ៣A -៨១៩០ បានបើកយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ហើយបានវ៉ារថយន្តយីឌុប នៅពីមុខ ស្រាប់តែវ៉ាក់ជាមួយ រថយន្តមួយគ្រឿងទៀត ដែលបើកក្នុងទិសដៅច្រាស់គ្នា បានជ្រុលទៅបុករថយន្តយីឌុបពីក្រោយ យ៉ាងពេញទំហឹង បណ្តាលអោយថយន្តក្រុង ដែលកុមារីជិះក្នុងរថយន្តនេះ រងរបួសធ្ងន់បាក់ជើងខាងស្តាំ ហើយរថយន្តក្រុង ខូចមួយកំណាត់មុខ ។
ក្រោយពេលកើតហេតុ កុមារីរងរបួសត្រូវបាន ដឹកយកទៅសង្គ្រោះ នៅខេត្តបាត់ដំបង ហើយរថយន្តយីឌុប ក្រោយពេលកើតហេតុ បានបើកទៅមុខបាត់ រីឯរថយន្តក្រុងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមផ្លូវច្បាប់ និងយកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ រង់ចាំការដោះស្រាយ ជាមួយជនរងគ្រោះ តាមនីតិវិធីច្បាប់៕
Source from: watphnom-news.com