នាយឧត្តមសេនីយ៍ ឡូយ សុផាត តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តស្ទឹងត្រែងចាប់ផ្តើមល្បីឈ្មោះក្នុង Facebook

បន្ទាប់ពីបានលើកឡើងចំៗរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឡូយ សុផាត នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០០៧ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងមកពីគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៥របស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងភាពកម្សោយក្នុងការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលគ្រប់គ្រងអំណាចដោយសម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល ជាពិសេសលើកករណីបទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែងរួចមក ឯកឧត្តម អតីតអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អាយុ៦៥ឆ្នាំរូបនេះ បានចាប់ផ្តើមល្បីឈ្មោះនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជាហើយ ។
ទោះបីចាប់ផ្តើមល្បីឈ្មោះក្នុង Facebook ដោយអ្នកលេង Facebook ខ្លះចាត់ទុកថាជាគំរូល្អក្តី ក៏មានអ្នកលេង Facebook ខ្លះទៀតចាត់ទុកការលើកឡើងរបស់ឯកឧត្តម ឡូយ សុផាត គឺជាឆាកល្ខោនរបស់គណបក្សប្រជាជនកម្ពុជា ដ្បិតឯកឧត្តម ឡូយ សុផាត កាលធ្វើជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនៅឡើយនោះ គឺបទល្មើសព្រៃឈើ និងគ្រឿងញៀនមិនអាចបង្ក្រាបឲ្យឫសគល់ទេ រហូតមកដល់ពេលឯកឧត្តមរូបនេះចូលនិវត្តន៍ និងបានធ្វើជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងទល់សព្វថ្ងៃ ។
ឯកឧត្តម ឡូយ សុផាត អាយុ៦៥ឆ្នាំ នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០០៧ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ធ្វើជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រីកាលមិនទាន់ចូលនិវត្តន៍នោះ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៨/៦៩៥ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៨ ។ នាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ រៀបចំដោយ គ.ជ.ប ឯកឧត្តម ឡូយ សុផាត បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តស្ទឹងត្រែងខាងគណបក្សប្រជាជនកម្ពុជា ដែលមានចំនួនតែ១អាសនៈ ៕
Source from: www.dtn7.com