អាមេរិកចោទប្រកាន់រុស្ស៊ីថា បានរំលោភបំពានសន្ធិសញ្ញាសព្វាវុធឆ្នាំ១៩៨៧

មន្ត្រីទទួលខុសត្រូវសហរដ្ឋអាមេរិកម្នាក់ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AFP នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះថា សហរដ្ឋអាមេរិកបានចោទប្រកាន់ទៅលើប្រទេសរុស្ស៊ីថា បានរំលោភបំពានលើសន្ធិសញ្ញាត្រួតពិនិត្យអាវុធយុទ្ធសាស្ត្រមួយ ដែលចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ តាមរយៈការបាញ់សាកល្បងមីស៊ីលបណ្តែតរបស់រុស្ស៊ី ។ សហរដ្ឋអាមេរិកចង់ឃើញរុស្ស៊ីគោរពសន្ធិសញ្ញានេះ ដែលជាសន្ធិសញ្ញាលុបបំបាត់ចោលរាល់សព្វាវុធដែលហាមឃាត់ ហើយការគោរពនោះត្រូវមានការត្រួតពិនិត្យ ។
មន្ត្រីទទួលខុសត្រូវរបស់សហរដ្ឋអាមេរិករូបនោះ បានឲ្យដឹងផងដែរថា សហរដ្ឋអាមេរិកត្រៀមចាប់ផ្តើមធ្វើការចរចាទ្វេភាគីកម្រិតខ្ពស់បំផុតមួយជាបន្ទាន់ ក្នុងគោលបំណងធានាថា រុស្ស៊ីគោរពតាមបណ្តាកាតព្វកិច្ចរបស់ខ្លួនដូចមានចែងក្នុងសន្ធិសញ្ញាស្តីពីកម្លាំងអាវុធនុយក្លេអ៊ែរអន្តរការណ៍ FNI ឆ្នាំ១៩៨៧ ។ សហរដ្ឋអាមេរិកនឹងធ្វើការពិគ្រោះរឿងនេះជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត ហើយសភាអាមេរិកក៏នឹងពិនិត្យរឿងនេះដែរ ។
អនុលោមតាមគោលការណ៍របស់អង្គការសហប្រជាជាតិ គឺសន្ធិសញ្ញា FNI ដែលចុះហត្ថលេខាកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៨៧ ដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ហើយបានចូលជាធរមាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៨៨នោះ តម្រូវឲ្យមហាអំណាចទាំង២នេះបំផ្លាញចោលក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរ ក្រោយសន្ធិសញ្ញាចូលជាធរមាន នូវរាល់មីស៊ីលបាលីស្ទិក(Ballistic) និងមីស៊ីលបណ្តែតបាញ់ចេញពីដី ដែលអាចបាញ់បានរយៈចម្ងាយរវាងពី៥០០គីឡូម៉ែត្រទៅ១.០០០គីឡូម៉ែត្រ និងបណ្តាមីស៊ីលដែលបាញ់បានរយៈចម្ងាយរវាងពី១.០០០គីឡូម៉ែត្រទៅ៥.៥០០គីឡូម៉ែត្រ ។
ប៉ុន្តែរូបភាពជាក់ស្តែង នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសរុស្ស៊ីបានធ្វើការបាញ់សាកល្បងនូវមីស៊ីលបណ្តែតរបស់ខ្លួន ជាហេតុធ្វើឲ្យសហរដ្ឋអាមេរិកដែលជាភាគីហត្ថលេខីក្នុងសន្ធិសញ្ញាសព្វាវុធនោះ សម្តែងនូវប្រតិកម្មរួចមកហើយកាលពីដើមឆ្នាំ២០១៤ ដោយបានចោទប្រកាន់ថា រុស្ស៊ីបាននិងកំពុងរំលោភបំពានលើសន្ធិសញ្ញាទ្វេភាគីស្តីពីការត្រួតពិនិត្យសព្វាវុធ ៕
Source from: www.dtn7.com