រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបដិសេធព័ត៌មានថា បានទិញរថយន្តទំនើបម៉ាក Rolls Royce តម្លៃជិត១លានដុល្លារ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នេះ ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានរបស់កាសែតក្នុងស្រុកមួយ ដែលចោទប្រកាន់ថា ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន"ទិញរថយន្តទំនើបម៉ាក Rolls Royce តម្លៃជិត១លានដុល្លារអាមេរិក" ហើយបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននេះ ជាព័ត៌មានភូតកុហកបំផ្លើសការពិត មានចេតនាមួលបង្កាច់ និងបង្ខូចកិត្តិយសដែលបានបំពានលើគោលការណ៍គ្រឹះជាសារវន្ត នៃសេរីភាពក្នុងការបញ្ចេញមតិជាសាធារណៈ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន ។ លើសពីនេះ សេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានសង្កត់ធ្ងន់ដែរថា ការចុះផ្សាយព័ត៌មានដោយគ្មានការទទួលខុសត្រូវ និងគ្មានមូលដ្ឋាន បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានដទៃទៀត ដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ។
ទោះយ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នេះ មិនបានបញ្ជាក់ប្រាប់អំពីឈ្មោះកាសែតក្នុងស្រុកដែលចុះផ្សាយអត្ថបទព័ត៌មានប៉ះពាល់ដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រឿងទិញរថយន្តទំនើបម៉ាក Rolls Royce តម្លៃជិត១លានដុល្លារអាមេរិកនោះឡើយ ។ ប៉ុន្តែគេអាចដឹងបានថា មានគេហទំព័រសារព័ត៌មានមួយឈ្មោះ មនសិការខ្មែរ មានឯកឧត្តម ដាំ សិទ្ធិ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅមណ្ឌលរាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រង ធ្លាប់បានចុះផ្សាយព័ត៌មានទាក់ទងនឹងរឿងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទិញរថយន្តទំនើបម៉ាក Rolls Royce នេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤កន្លងមក ។
ព័ស្តុតាងជាក់ស្តែង ការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានឈ្មោះ មនសិការខ្មែរ ទាក់ទងនឹងការចោទប្រកាន់ទៅលើឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថា បាន"ទិញរថយន្តទំនើបម៉ាក Rolls Royce តម្លៃជិត១លានដុល្លារអាមេរិក"នោះ ត្រូវបានលុបទិន្នន័យចោលចេញពីគេហទំព័របាត់ទៅហើយ គ្រាន់តែបានសេសសល់នូវចំណងជើងអត្ថបទ និងខ្លឹមសារអត្ថបទខ្លីបន្តិចបន្តួចនៅក្នុងគេហទំព័រមួយទៀតឈ្មោះ KHMER-NEWS.ORG ដែលផ្សាយបន្តផ្ទាល់ពីគេហទំព័រសារព័ត៌មានឈ្មោះ មនសិការខ្មែរ តែប៉ុណ្ណោះ ៕
Source from: www.dtn7.com