ទូរស័ព្ទ iPhone 6 ស្រោបប្លាទីន មាស និងដាំពេជ្រ អាចធ្វើការបញ្ជាទិញទុកមុនបានហើយ

កាលពីថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រុមហ៊ុនគ្រឿងអលង្ការមួយរបស់សហរដ្ឋអាមេរិក បានប្រកាសចាប់ផ្តើមទទួលការបញ្ជាទិញមុនពីអតិថិជនសម្រាប់ទូរស័ព្ទ iPhone 6 ដាំពេជ្រលើកដំបូង ទោះបីក្រុមហ៊ុន Apple Corporation មិនទាន់បញ្ចេញទូរស័ព្ទ iPhone 6 ជាផ្លូវនៅឡើយក៏ដោយៗក្រុមហ៊ុនបានតម្រូវឲ្យអតិថិជនដាក់ប្រាក់កក់មុនចំនួន៥០០ដុល្លារអាមេរិក សម្រាប់កម្មវិធីបញ្ជាទិញទុកជាមុន ។
ក្រុមហ៊ុនគ្រឿងអលង្ការ Brikk បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទ iPhone 6 ស្រោបមាស ប្លាទីន និងមានដាំពេជ្រ ស៊េរី Lux នឹងមានតម្លៃចាប់ពី៤.៤៩៥ដុល្លារអាមេរិក ទៅ៨.៧៩៥ដុល្លារអាមេរិក ខណៈដែលម្ចាស់ទូរស័ព្ទនឹងត្រូវរង់ចាំរហូតដល់រយៈពេលមួយខែទៀត បន្ទាប់ពីទូរស័ព្ទ iPhone 6 ធម្មតាបានបញ្ចេញជាផ្លូវការសិន ។
ក្រុមហ៊ុន Brikk បានឲ្យដឹងទៀតថា ទូរស័ព្ទ Lux iPhone 6 ត្រូវបានបង្កើតឡើងជាមួយនឹងម៉ូដែលដែលមានអេក្រង់ទំហំ៤,៧អ៊ីញ និងមានអង្គចងចាំ(Memory)128GB ហើយអាចរកទិញបានជាទូរស័ព្ទស្រោបមាសពណ៌លឿង ទម្ងន់២៤ការ៉ាត់, ស្រោបមាសពណ៌ផ្កាឈូក ទម្ងន់២៤ការ៉ាត់ និងស្រោបប្លាទីនសុទ្ធ ព្រមទាំងមានម៉ូដែលដាំពេជ្រទៀតផង ។ រាល់ម៉ូដែលទូរស័ព្ទ Lux iPhone 6 ទាំងអស់សុទ្ធតែត្រូវបានវេចខ្ចប់ក្នុងប្រអប់ដែកមាំទាំមួយ រួមជាមួយនឹងឧបករណ៍ភ្ជាប់បន្ថែម ដូចជា ឆ្នាំងសាក ឬកាសធម្មតា ដូច iPhone ទូទៅដែរ ៕
Source from: www.dtn7.com